ខេត្តកំពង់ចាម: “ច្រាំងទន្លេដែលបាក់មានប្រវែងសរុបចំនួន១៣គីឡូម៉ែត្របណ្ដាចប៉ះពាល់ផ្ទះ៧១គ្រួសារក្នុងនោះរុះរើ៤២ខ្នង។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសចែកអំណោយរបស់សម្ដេចបវរធិបតី ជូនដល់ពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេច្រើនគ្រួសារនាព្រឹកថ្ងៃទី១៩ខែកញ្ញា
ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យឬស្សីស្រុក ស្រុកស្រីសន្ធរ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងថា: ពេលដែលមានគ្រោះមហន្តរាយកើតឡើងនៅទីណាមួយគឺសម្ដេចបវរធិបតីនិងឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាមតែងតែគិតគូរនិងយកចិត្តទុកដាក់ជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋគ្រប់ពេល។ជាក់ស្ដែងនៅពេលនេះពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេចំនួន២៣គ្រួសារគឺបានទទួលអំណោយសម្រាប់យកទៅដោះស្រាយជីវភាពគ្រួសារ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមមានប្រសាសន៍បន្តថា នៅក្នុងស្រុកស្រីសន្ធរ បានរងផលប៉ះពាល់ចំនួនពីរលើកក្នុងនោះមានគ្រោះមហន្តរាយបាក់ច្រាំងទន្លេនៅឃុំកោះអណ្ដែត ឬស្សីស្រុក
ព្រែកពោធិ៍ ហើយនៅឃុំខ្នារស ស្វាយពោធិ៍ បែរជាខ្វះទឹកទៅវិញធ្វើឲ្យដំណាំស្រូវប្រមាណ៥០០ហិកតា រងផលប៉ះពាល់ដោយមានការអន្តរាគមន៍តាមរយៈការបូមទឹកតាមប្រព័ន្ធធរាសាស្ត្រគឺបានស្រោចស្រពដំណាំស្រូវទាំងនោះបានឡើងវិញគួបផ្សំនិងភ្លៀងធ្លាក់ផងដែរ។ ជាក់ស្ដែងនៅឫស្សីស្រុកបាក់ច្រាំងទន្លេដោយសារតែកត្តាធម្មជាតិព្រោះកោះនៅកណ្ដាលទន្លេបានដុះកាន់តែវែងធ្វើឲ្យចរន្តទឹកបានហូរបុកចំភូមិឋានរបស់ពលរដ្ឋជាហេតុបណ្ដាលឲ្យបាក់យ៉ាងដូច្នេះ។
ចំពោះទីតាំងដែលបានបាក់ច្រាំងក្នុងនោះមាននៅឃុំកោះអណ្ដែតនិងឬស្សីស្រុកប្រវែង១២០០ម៉ែត្រនឹងត្រូវជួសជុលឆាប់ៗក្នុងរដូវទឹកសម្រកទៅវិញដោយកងកម្លាំងវិស្វកម្ម។
លោកតាអ៊ុក ស៊ីនួន អាយុ៧៩ឆ្នាំមេភូមិក្បាលកោះ បានលើកឡើងថា
ផ្ទះរបស់គាត់សង់អំពីឈើមានទំហំ៦ គុណ១៣ម៉ែត្រ ដោយសាងសង់ជាង៣០ឆ្នាំមកហើយ ចំណែកច្រាំងទន្លេនៅចម្ងាយពីផ្ទះជាង៣០០ម៉ែត្រឯណោះស្ថិតនៅឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ
តែគ្រោះធម្មជាតិបានបាក់មកកៀកផ្ទះនៅឆ្នាំ២០២៦ នេះបង្ខំឲ្យរុះរើទៅនៅកន្លែងថ្មីចម្ងាយពីកន្លែងចាស់៧០០ ម៉ែត្រ លោកតាមានអារម្មណ៍សប្បាយរីករាយពេលទទួលបានអំណោយសម្ដេចបវរធិបតី នេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី




















