ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាស្តីពី «ការកែទម្រង់វិស័យយុត្តិធម៌» ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចផ្តួចផ្តើមរួមគ្នារបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា និងក្រសួងយុត្តិធម៌។ វេទិកានេះបានធ្វើឡើងនាវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
កម្មវិធីបើកវេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា សរុបប្រមាណ ៣០០រូប។ វេទិកានេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់វិស័យច្បាប់ និងយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា ដោយតំណាងស្ថាប័ននៃអំណាចកំពូលទាំង៣ រួមមាន៖ (១)-អំណាចនីតិប្បញ្ញត្តិ (២)-អំណាចនីតិប្រតិបត្តិ និង (៣)-អំណាចតុលាការ បានមកជួបជុំគ្នាជាលើកដំបូង ដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការកែទម្រង់វិស័យយុត្តិធម៌។ វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងកម្មវិធីបើកវេទិកានេះ បានសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់អង្គនីតិប្បញ្ញត្តិចំពោះការកែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជា ជាពិសេស ការពង្រឹង និងលើកកម្ពស់នីតិរដ្ឋ ព្រមទាំងការការពារសិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
សូមគូសបញ្ជាក់ថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុញ្ញាតឱ្យក្រសួងយុត្តិធម៌ចែករំលែកអំពីទិសដៅអាទិភាព និងសមិទ្ធផលការងារនៃការកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ជូនដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា។ ទន្ទឹមនេះ វេទិកាក៏បានផ្តល់ឱកាសឱ្យវិស័យយុត្តិធម៌ទាំងមូលទទួលបាននូវមតិយោបល់ និងធាតុចូលសំខាន់ៗពីសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា សំដៅធ្វើឱ្យការអនុវត្តការងារកែទម្រង់កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងឆ្លើយតបកាន់តែច្បាស់លាស់ទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងវិស័យយុត្តិធម៌។ កិច្ចពិភាក្សាក្នុងវេទិកានេះ ត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានចូលរួមក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ទិសដៅកែទម្រង់វិស័យយុត្តិធម៌ និងការលើកកម្ពស់ការការពារសិទ្ធិប្រជាពលរដ្ឋក្នុងសង្គមនីតិរដ្ឋ» ដោយបានចែករំលែកអំពីទិសដៅអាទិភាព សមិទ្ធផលការងារ និងវិធានការសំខាន់ៗនៃការកែទម្រង់វិស័យយុត្តិធម៌ ជូនដល់អង្គវេទិកា។ កម្មវិធីបិទវេទិកា បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការរៀបចំវេទិកានេះ ព្រមទាំងបានគូសរំលេចអំពីសារៈសំខាន់នៃការកែទម្រង់វិស័យយុត្តិធម៌ ក្នុងការពង្រឹងនីតិរដ្ឋ និងលើកកម្ពស់ការការពារសិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ វេទិកាបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងស្ថាបនា ព្រមទាំងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដោយឆ្លុះបញ្ចាំងពីស្មារតីសហការ និងការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការបន្តជំរុញការកែទម្រង់វិស័យយុត្តិធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែល្អប្រសើរទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។រក្សាសិទ្ធិដោយ៖សុទ្ធលី


























