លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រតិភូក្រសួងរតនាគារសហរដ្ឋអាមេរិក ដឹកនាំដោយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកឧបការីរង បានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផលប៉ះពាល់នៃការកើនឡើងថ្លៃថាមពលសកល ស្ថានភាពវិស័យហិរញ្ញវត្ថុ និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស។
លោក Robert Kaproth បានលើកឡើងពីការកើនឡើងថ្លៃថាមពលលើទីផ្សារសកល ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងអតិផរណា ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីការរក្សាស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ។ លោកក៏បានបង្ហាញការគាំទ្រចំពោះការយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជាលើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបានបញ្ជាក់ពីលទ្ធភាពបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យនេះ។
ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដោយការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេសបន្តជាកត្តាគាំទ្រសំខាន់ ខណៈទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់គាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទន្ទឹមនេះ លោកជំទាវក៏បានបញ្ជាក់ពីការបន្តតាមដានការវិវត្តក្នុងវិស័យហិរញ្ញវត្ថុ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងក្របខ័ណ្ឌគ្រប់គ្រងវិស័យហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងទ្រព្យសកម្មនិម្មិត។ រក្សាសិទ្ធដោយ៖សុទ្ធលី









