នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) ប្រចាំកម្ពុជា បានចុះហត្ថលេខានៃការពិភាក្សា (Record of Discussions: R/D) សម្រាប់ “គម្រោងអភិវឌ្ឍន៍សមត្ថភាពក្នុងការផលិត ការធ្វើបច្ចុប្បន្នភាព និងការចែកចាយផែនទីនាវាចរណ៍អេឡិចត្រូនិក ដើម្បីធានា និងបង្កើនសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍។ កម្មពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាង ចៃកា និងភាគីពាក់ព័ន្ធជាច្រើន។គម្រោងនេះគ្រោងនឹងចាប់ផ្តើមដំណើរការ នៅខែមករា ឆ្នាំ ២០២៧ និងអនុវត្តក្នុងរយៈពេលប្រមាណ ៤៨ ខែ។
គោលបំណងរបស់គម្រោងគឺ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស ក្នុងការបង្កើត ការធ្វើបច្ចុប្បន្នភាព និងផ្សព្វផ្សាយផែនទីនាវាចរណ៍អេឡិចត្រូនិក (ENC) ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធ និងបង្កើតប្រព័ន្ធគ្រប់គ្រងព័ត៌មានជលសាស្ត្រ និងព័ត៌មាននាវាចរណ៍ប្រកបដោយចីរភាព។
ខណៈដែលវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ការធានាឱ្យបាននូវពត៌មាននាវាចរណ៍ដែលត្រឹមត្រូវ និងថ្មីបំផុត កាន់តែមានសារៈសំខាន់សម្រាប់ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ ការបង្កើនប្រសិទ្ធភាពដឹកជញ្ជូន និងការជំរុញការតភ្ជាប់សេដ្ឋកិច្ច។ តាមរយៈគម្រោងសហប្រតិបត្តិការបច្ចេកទេសរយៈពេល ៤ ឆ្នាំនេះ ចៃកា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការគ្រប់គ្រងពត៌មានជលសាស្ត្រ និងការបង្កើតផែនទីនាវាចរណ៍អេឡិចត្រូនិកដោយស្របទៅតាមស្តង់ដារអន្តរជាតិ ដែលជាកត្តារួមចំណែកដល់ការធ្វើដំណើរ និងដឹកជញ្ជូនតាមសមុទ្រ និងផ្លូវទឹកក្នុងប្រទេសកម្ពុជា។រក្សាសិទ្ធិដោយ៖សុទ្ធលី





