ខេត្តកណ្តាល៖ ក្រោយបើកការស៊ើបអង្កេតអស់រយៈពេល១០ថ្ងៃ សមត្ថកិច្ចនគរបាលខេត្តកណ្តាលបានឈានដល់ការឃាត់ខ្លួនយុវជនម្នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងក្រុមប្រដាប់ដោយកាំបិត និង ដាវ ធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះ ដើម្បីប្លន់យកម៉ូតូនៅស្រុកអង្គស្នួល។
ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ២:៣០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: ជនសង្ស័យរូបនេះ មានឈ្មោះ រឿន ម៉ារ៉ាឌី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា: ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានពិនិត្យ ទឹកនោម របស់ជនសង្ស័យ ហើយលទ្ធផល គឺ មានសារធាតុញៀនវិជ្ជមាន។
ករណីឃាតកម្មនេះ បានកើតឡើងនៅយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ប្រមាណម៉ោង ៨:៥០នាទី នៅតាមចិញ្ចើមផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
តាមការស្រាវជ្រាវ និងចម្លើយរបស់ជនសង្ស័យ សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យមានសមាជិកសរុប៦នាក់ បានជួបជុំគ្នានៅដីឡូត៍មួយក្នុងខណ្ឌព្រែកព្នៅ មុននឹងជិះម៉ូតូ៣គ្រឿង ដោយមានកាំបិតផ្គាក់ និងដាវ ដើម្បីស្វែងរកជនរងគ្រោះធ្វើសកម្មភាព។
ពេលប្រទះឃើញបុរសម្នាក់កំពុងជិះម៉ូតូតែម្នាក់ឯង ក្រុមនេះបានបើកម៉ូតូដេញតាម រួចប្រើកាំបិតផ្គាក់កាប់ និងគប់ដាវទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ និងដួលពីលើម៉ូតូ។
ក្រោយធ្វើសកម្មភាព ក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះចេញពីកន្លែងកើតហេតុ ហើយនាំទៅលក់នៅរាជធានីភ្នំពេញ។
ជនសង្ស័យ រឿន ម៉ារ៉ាឌី បានទទួលចំណែកប្រាក់ចំនួន២៥ម៉ឺនរៀលពីការលក់ម៉ូតូ ដែលគេអះអាងថា យកទៅបង់ថ្លៃបន្ទប់ជួល។
ឥឡូវនេះ សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីលើជនសង្ស័យដែលត្រូវបានឃាត់ខ្លួន និងបន្តស្វែងរកបក្ខពួក៥នាក់ទៀតដែលកំពុងគេចខ្លួន ដើម្បីនាំមកចាត់ការតាមច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាង CEN






