ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុងរថយន្តដឹកសិស្សសាលាឯកជនម្នាក់ ត្រូវឃាត់ខ្លួន ក្រោយរងការចោទប្រកាន់បៀតបៀនកុមារីជាង ៤០នាក់?

ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាអ្នកបើករថយន្តដឹកសិស្សសាលាឯកជនមួយនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្ដឹងពីអាណាព្យាបាលសិស្ស ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទលើកុមារីសិស្សសាលាជាង ៤០នាក់។

ការឃាត់ខ្លួនត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងជំនាញមកពីក្រសួងមហាផ្ទៃ និងតំណាងអយ្យការ នៅសាលាឯកជនមួយក្នុងភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា: ករណីនេះពិតជាមានឡើង ហើយកម្លាំងជំនាញរបស់ខេត្តជាអ្នកចុះអនុវត្តការងារនៅទីតាំងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានបញ្ជាក់ដែរថា កម្លាំងប្រឆាំងការជួញដូរមនុស្សកំពុងស៊ើបអង្កេតករណីនេះ។

លោកមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមនៅឡើយទេ។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជនសង្ស័យត្រូវបានចោទថាបានប្រព្រឹត្តអំពើបៀតបៀនផ្លូវភេទលើកុមារីដែលមានអាយុប្រមាណពី ៧ ទៅ ១៣ឆ្នាំ ដោយសកម្មភាពមួយចំនួនត្រូវបានអះអាងថាកើតឡើងនៅលើរថយន្ត និងនៅទីតាំងស្ងាត់។

ទោះយ៉ាងណា ការចោទប្រកាន់ទាំងនេះនៅស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច។

ប្រភពដដែលបានអះអាងថា ជនសង្ស័យជាប្អូនប្រុសរបស់នាយកសាលា និងបានប្រើប្រាស់ទំនាក់ទំនងនេះជាអំណាចក្នុងការប្រព្រឹត្តអំពើដែលត្រូវបានចោទប្រកាន់។

ប៉ុន្តែនាយកសាលាដែលសុំមិនបញ្ចេញឈ្មោះ បានបដិសេធថា ជនសង្ស័យមិនមែនជាប្អូនប្រុសរបស់លោកឡើយ។
នាយកសាលារូបនេះក៏បានបដិសេធការចោទប្រកាន់ថា លោកបានចូលរួម ឬសមគំនិតក្នុងករណីនេះ ហើយបានស្នើឱ្យសមត្ថកិច្ច និងតុលាការអនុវត្តតាមច្បាប់ចំពោះអ្នកដែលមានពាក់ព័ន្ធ។

លោកបានបន្ថែមថា: អាណាព្យាបាលសិស្សបានស្វាគមន៍ចំពោះការឃាត់ខ្លួនជនសង្ស័យ ដោយសង្ឃឹមថាការស៊ើបអង្កេតនឹងបង្ហាញការពិត និងជួយរក្សាកិត្តិយសរបស់សាលា។

លោកបានអះអាងថា សាលាបច្ចុប្បន្នមានសិស្សជាង ៥០០នាក់ និងផ្តល់អាហារូបករណ៍ពេញលេញដល់កុមារកំព្រាមួយចំនួន។

មន្ត្រីតុលាការខេត្តកណ្តាល បញ្ជាក់ថា: សំណុំរឿងនេះកំពុងស្ថិតក្រោមការសាកសួររបស់លោក លាង អ៊ូ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម