កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាប ថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនបានបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់មានខ្លឹមសារថា ៖ ដល់ករ! តៃកុងឡានសាលាឯកជនម្នាក់បានបៀតបៀនកេរ្តិ៍ខ្មាស់លើសិស្សសាលាជាកុមារីជាង៤០នាក់ នៅខេត្តកណ្តាល។
យោងតាមសំណើរសុំកិច្ចប្រតិបត្តិការស៊ើបអង្កេត របស់អង្គភាពការពារកុមារ(CPU) ពាក់ព័ន្ធករណី ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារនិងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ។
ក្រោយពីទទួលបានសំណើរខាងលើភ្លាម ដោយមានការសម្របសម្រួល ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការរនគរបាលខេត្តកណ្តាល ចាត់ឱ្យកម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចុះស្រាវជ្រាវស៊ើបអង្កេតជាលទ្ធផល៖
ករណី ផលិត កាន់កាប់រូបភាព សម្ភារៈអាសអាភាសកុមារ និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ដែលកើតហេតុអំឡុងខែកក្កដា ឆ្នាំ២០២៥ និងខែសីហា ឆ្នាំ២០២៦នៅទីកន្លែងកើតហេតុ សាលាអន្តរជាតិខ.ព.ភ.ប.ញ ទីតាំងនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០៣នាក់ (កុមារី)
ជនសង្ស័យ ០១នាក់ឈ្មោះ ស៊ឹម សុគា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើករថយន្ត មានទីលំនៅភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
វត្ថុតាងចាប់យករួមមានទូរស័ព្ទ០១គ្រឿង ម៉ាកOPPO A3X ពណ៌ឈាមជ្រូក។រថយន្ត ចំនួន ០២គ្រឿង
១.ម៉ាក រ៉េហ្វ ពណ៌ឈាមជ្រូក ផលិតឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2O-1945។
២.ម៉ាក ស៊ាំយ៉ុង ពណ៌ស ផលិតឆ្នាំ(មិនស្គាល់) ពាក់ផ្លាលលេខ ភ្នំពេញ 2DI-0427 ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។រក្សាសិទ្ធិដោយ៖សុទ្ធលី





