ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជី «ក្រូចពោធិ៍សាត់» ជាម៉ាកសមូហភាព (Collective Mark) ជាផ្លូវការកាលពីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានមួយបន្ថែមទៀតក្នុងការពង្រឹងអត្តសញ្ញាណ និងលើកកម្ពស់ការទទួលស្គាល់ផលិតផលខ្មែរនៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងរួមចំណែកការពារកម្មសិទ្ធិបញ្ញារបស់សហគមន៍អ្នកដាំដុះ និងអាជីវករក្រូចពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់។
សូមជម្រាបជូនថា «ក្រូចពោធិ៍សាត់» មានលក្ខណៈពិសេសមួយចំនួន រួមមាន៖
- មានរសជាតិជូរអែម ឆ្ងាញ់ពិសា
- មានសំបកពណ៌បៃតង ពណ៌លឿង ឬពណ៌លឿងទុំ ដែលមានផ្ទៃរលោង ឬគ្រើមតិចៗ
- មានកំពឹសទន់ ទឹកច្រើន ឬកំពឹសរឹង សាច់ច្រើន។
បច្ចុប្បន្ន ក្រូចពោធិ៍សាត់មានផ្ទៃដីដាំដុះសរុបចំនួន ៣ ០៤៧ ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ ៩៣៨ ហិកតា ដោយផ្តល់បរិមាណផលប្រមាណ ២៩ ៨៨១ តោនក្នុងមួយឆ្នាំ។ ដោយឡែកការប្រមូលផល គឺមានរយៈពេល ៨ ខែ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ និងផ្តល់ទិន្នផលជាមធ្យមពី ១២ ទៅ ១៦ តោនក្នុងមួយហិកតា៕រក្សាសិទ្ធិដោយ៖សុទ្ធលី







