ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ !

ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។

ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលថា បងប្អូនជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា នឹងសូមចូលរួម អបអរសាទរ ជាមួយប្រជាជាតិកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាគ្រូបង្រៀន ថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៦ នេះ។
ទិវាគ្រូបង្រៀន គឺជាទិវាដ៏មានសារៈសំខាន់មួយ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី រំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលបាន លះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មកសាងធនធានមនុស្សដ៏មាន តម្លៃសម្រាប់ប្រទេសជាតិ។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្ដែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ ដែលបានស្តារ និងកសាងសង្គមជាតិ តាមរយៈ ការបង្ហាត់បង្រៀន និងអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ ការខិតខំ ប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការផ្តល់ចំណេះដឹង តម្រង់ទិស បណ្តុះស្មារតី និងគំនិត ព្រមទាំង បណ្តុះសីលធម៌ គុណធម៌ និងគុណតម្លៃដល់សិស្សានុសិស្ស និងនិស្សិត គឺជាការរួមចំណែកដ៏សំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់សង្គមជាតិ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់លោកគ្រូ អ្នកគ្រូទាំងអស់ សូមបន្តយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងខិតខំអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញវិជ្ជាជីវៈជាប្រចាំ ឱ្យស្របតាមការវិវត្តនៃសង្គម បច្ចេកវិទ្យា និងតម្រូវការរបស់យុវជន ជំនាន់ក្រោយ។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស សូមបន្តចូលរួមគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់ដល់បេសកកម្មដ៏ឧត្តុង្គឧត្តម របស់គ្រូបង្រៀន ព្រោះការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើក កម្ពស់គុណភាពអប់រំ និងកសាងធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងសក្តានុពល ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព។រក្សាសិទ្ធិដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម