ភ្នំពេញ៖ សកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ត្រូវបានពង្រឹងយ៉ាងសកម្ម នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ដោយមន្រ្តីឧទ្យានុរក្សបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិចំនួន ១,៥៨០លើក ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
យោងតាមរបាយការណ៍ របស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា: ចំនួនការចុះល្បាតនេះ បានកើនឡើង ៣២៤លើក បើធៀបនឹងខែសីហា ខណៈបទល្មើសធនធានធម្មជាតិដែលត្រូវបានបង្ក្រាបមានចំនួន ២៣៨ករណី កើនឡើង ៨១ករណីពីខែមុន។
ក្នុងចំណោមបទល្មើសដែលបានបង្ក្រាប មានបទល្មើសព្រៃឈើ ៧៥ករណី បទល្មើសសត្វព្រៃ ៧១ករណី បទល្មើសដីធ្លី ៣៩ករណី បទល្មើសនេសាទ ៤៧ករណី និងបទល្មើសពាក់ព័ន្ធនឹងធនធានរ៉ែ ៦ករណី។
ក្រៅពីនេះ ក្រុមការងារបានទប់ស្កាត់ និងបង្ក្រាបការកាប់រាន និងទន្ទ្រានដីក្នុងតំបន់ការពារធម្មជាតិ លើផ្ទៃដីសរុប ៤១ហិកតា។
ចំពោះវិធានការផ្លូវច្បាប់ មន្រ្តីបានកសាងកំណត់ហេតុបទល្មើសចំនួន ១២៩កំណត់ហេតុ និងរៀបចំសំណុំរឿងចំនួន ១៤សំណុំ បញ្ជូនទៅតុលាការ។
ក្នុងនោះ ជនសង្ស័យចំនួន ១១នាក់ ត្រូវចាប់ខ្លួន និង បញ្ជូនទៅដាក់ពន្ធនាគារ។
សម្រាប់ប្រតិបត្តិការបង្ក្រាប ខាងលើនេះ សមត្ថកិច្ចក៏បាន ដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន គ្រឿងចក្រ ត្រាក់ទ័រ រថយន្ត គោយន្ត ម៉ូតូ ទូក រណាយន្ត អន្ទាក់ឆក់ ១,៩៥០គ្រឿង អន្ទាក់ខ្សែ ២,២១០ខ្សែ គ្រាប់កាំភ្លើង ៨គ្រាប់ និងអាវុធកែច្នៃ ២៥ដើម។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN









