ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះតាមព្រំដែន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ដែលត្រូវបានសង្ស័យថា: លួចនាំទំនិញពីប្រទេសថៃចូលកម្ពុជាតាមច្រករបៀង ខណៈកំពុងធ្វើសកម្មភាពនៅភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅម៉ោងប្រមាណ៧៖៤៥នាទីយប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា: ជនសង្ស័យទាំង២នាក់នេះ មាន ឈ្មោះ នួម ថានុន ភេទ ប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ រិត ចាន់រ៉េត ភេទ ប្រុស អាយុ២០ឆ្នាំ។
អ្នកទាំងពីរមានទីលំនៅនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ក្រោយការឃាត់ខ្លួនជនសង្ស័យ, សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន: ម៉ូតូ Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ មួយគ្រឿង ពាក់ស្លាកលេខ បន្ទាយមានជ័យ 1F-3325 រទេះអូសមួយ និងទំនិញនិងអីវ៉ាន់ចម្រុះចំនួន៤ការ៉ុង។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ និង វត្ថុតាង ត្រូវបានប្រគល់ទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






