រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលទ្ធផលការប្រកួតប្រជែងតែងនិពន្ធពានរង្វាន់ «សម្តេចព្រះសង្ឃរាជ ជួន ណាត» និងស្មូតកំណាព្យពានរង្វាន់ «ព្រះភិរម្យភាសាអ៊ូ ហៅ ង៉ុយ» ក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥តុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សមាជិក សមាជិកា គណៈកម្មាធិការប្រឡងប្រជែងផ្នែកតែងនិពន្ធ និងស្មូតកំណាព្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់។
កម្មវិធីប្រកួតប្រជែងទាំងពីរនេះ ត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកលើកស្ទួយ និងអភិរក្សអក្សរសាស្ត្រ និងភាសាខ្មែរ រំលឹកគុណនិងស្នាដៃវីរជនអក្សរសាស្ត្រជាតិ តាមរយៈការលើកទឹកចិត្ត និងផ្តល់វេទិកាដល់កវី និងអ្នកស្មូត ក៏ដូចជាបង្កើតឱកាសសម្រាប់អ្នកដែលមានទេពកោសល្យលើផ្នែកតែងនិពន្ធ និងស្មូតកំណាព្យ បានបង្ហាញសមត្ថភាព ទទួលបានការទទួលស្គាល់និងពានរង្វាន់។ កម្មវិធីនេះ ក៏មានគោលដៅជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរ ចាប់អារម្មណ៍ បណ្ដុះស្មារតីស្រឡាញ់ និងចូលរួមក្នុងការតែងនិពន្ធ ដើម្បីថែរក្សាអក្សរសាស្ត្រជាតិឱ្យបានគង់វង្ស និងរីកចម្រើន។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តរៀបចំកម្មវិធីនេះឱ្យដំណើរការទៅដោយរលូន និងជោគជ័យជារៀងរាល់ឆ្នាំ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមប្រកួតយ៉ាងផុសផុលពីសំណាក់បេក្ខជនជាគ្រូបង្រៀនទាំងអស់មកពីទូទាំងប្រទេស ដែលនេះពិតជាសបញ្ជាក់ពីសមានចិត្តស្រឡាញ់អភិរក្សអក្សរសាស្ត្រ និងវប្បធម៌ជាតិខ្មែរយើងចេញពីក្រអៅបេះដូង ដែលជាគុណតម្លៃមិនអាចកាត់ថ្លៃបានក្នុងនាមជាគ្រូបង្រៀន ដែលជាសរសៃឈាមនៃកំណែទម្រង់អប់រំទាំងមូល។ ក្នុងន័យនេះ សម្រាប់ទិវាគ្រូបង្រៀនឆ្នាំ២០២៦ នេះ ក្រសួងបានកំណត់យកប្រធានបទ «គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យ ទំនើបដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១» ដែលឆ្លុះបញ្ចាំងអំពីតួនាទីស្នូលរបស់ គ្រូបង្រៀន ក្នុងការបណ្តុះសម្បទាគ្រប់ជ្រុងជ្រោយដល់យុវជន ដើម្បីអាចឆ្លើយតបទៅនឹងបរិបទពិភពលោកដែលកំពុងប្រែប្រួលឥតឈប់ឈរ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីវឌ្ឍនភាពនៃកំណែទម្រង់គ្រូបង្រៀន ដោយក្នុងអំឡុងជាង ២ ទសវត្សមកនេះ កម្ពុជាបានបន្តកែលម្អគោលនយោបាយគ្រូបង្រៀន បានដំឡើងប្រាក់បៀវត្សគ្រូបង្រៀនដែលជួយសម្រួលដល់ជីវភាពគ្រូបង្រៀន ទាក់ទាញអ្នកមានទេពកោសល្យ និងសមត្ថភាពធ្វើជាគ្រូបង្រៀន ជំរុញកំណែទម្រង់ប្រព័ន្ធបណ្តុះបណ្តាល និងអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូ បន្តលើកកម្ពស់គុណវុឌ្ឍិ កិត្តិយស និងគុណតម្លៃរបស់គ្រូបង្រៀននៅក្នុងសង្គម។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរជ័យលាភីទាំងអស់ និងលើកទឹកចិត្តបេក្ខជនផ្សេងទៀតឱ្យបន្តចូលរួមនាឱកាសក្រោយៗ ព្រមទាំងរំលេចនូវការថ្លែងអំណរគុណជាថ្មីជូនចំពោះបុគ្គលិកអប់រំ និងលោកគ្រូអ្នកគ្រូទូទាំងប្រទេស ដែលបានប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់ការអប់រំ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងការវាយតម្លៃតេស្ត PISA ឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ពីភាពចាំបាច់នៃការអភិវឌ្ឍសមត្ថភាពជាប្រចាំ ស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀនសតវត្សទី២១ និងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីលើកកម្ពស់គុណភាពនៃការរៀននិងបង្រៀនឱ្យកាន់តែល្អប្រសើរ ឆ្លើយតបនឹងបរិបទអប់រំក្នុងតំបន់និងពិភពលោក។
ជាលទ្ធផល សូមចូលរួមអបអរសាទរបេក្ខជនជ័យលាភីថ្នាក់ជាតិ
១) ផ្នែកតែងនិពន្ធ ពានរង្វាន់ «សម្តេចព្រះសង្ឃរាជ ជួន ណាត» រួមមាន៖
- ជ័យលាភី លេខ ១៖ លោក ជួន ខ្មៅ គ្រូបង្រៀន វិទ្យាល័យ ច.ប. ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ
- ជ័យលាភី លេខ ២៖ លោក ឃុន ផានិត គ្រូបង្រៀន វិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប
- ជ័យលាភី លេខ ៣៖ លោក សោ គឹមស្រូយ គ្រូបង្រៀន បឋមសិក្សា ប៊ុនរ៉ានី ហ៊ុនសែន អង្គចង្អេរ ខេត្តតាកែវ។
២) ផ្នែកស្មូតកំណាព្យ ពានរង្វាន់ «ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ» រួមមាន ៖ - ជ័យលាភី លេខ ១៖ លោក រួញ ភារិន គ្រូបង្រៀន បឋមសិក្សាទ្រុងខ្លា ខេត្តបាត់ដំបង
- ជ័យលាភី លេខ ២៖ លោក ភឿន សុផល គ្រូបង្រៀន វិទ្យាល័យអង្គរជុំ ខេត្តសៀមរាប
- ជ័យលាភី លេខ ៣៖ លោក ពៅ សុខចាន់ គ្រូបង្រៀន អនុវិទ្យាល័យចំរើនវិជ្ជា ខេត្តត្បូងឃ្មុំ៕ក្សាសិទ្ធដោយ៖សុទ្ធលី















