នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង សហការជាមួយសមាគម TEP MONOROM France បានរៀបចំការសម្តែងរបាំបុរាណ «ដែនដីដ៏ពិសិដ្ឋ នៃអច្ឆរិយៈអង្គរ» (Terre sacrée et Merveilles d’Angkor) នៅរោងមហោស្រព Théâtre 13e Art ក្នុងទីក្រុងប៉ារីស។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមទស្សនាជាង ៨០០នាក់ ក្នុងនោះមានតំណាងរដ្ឋាភិបាលបារាំង ស្ថានទូតនៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី តំណាងប្រទេសសមាជិកអាស៊ានប្រចាំទីក្រុងប៉ារីស ព្រមទាំងតំណាងសមាគមនានា វិស័យធុរកិច្ច និងសហគមន៍ខ្មែរនៅប្រទេសបារាំង។ក្នុងឱកាសនេះ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង បានថ្លែងសុន្ទរកថាបើកកម្មវិធី ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់នៃ វប្បធម៌ និងបេតិកភណ្ឌ ក្នុងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា បារាំង និងសហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល។ ឯកឧត្តមក៏បានរំលឹកផងដែរថា វប្បធម៌គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ការសន្ទនា និងការយោគយល់គ្នារវាងប្រជាជាតិ ព្រមទាំងជាមធ្យោបាយក្នុងការថែរក្សា និងបន្តផ្សព្វផ្សាយអត្តសញ្ញាណខ្មែរទៅកាន់អ្នកជំនាន់ក្រោយ។រាត្រីដ៏ពិសេសនេះបានលើកតម្កើង ភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ខ្មែរ តាមរយៈការរួមបញ្ចូលគ្នារវាង របាំបុរាណខ្មែរ និងសិល្បៈសហសម័យ ដែលបាននាំអ្នកទស្សនាឱ្យលន្លង់លន្លោចតាមរយៈប្រវត្តិសាស្ត្រ ស្មារតី និងភាពអស្ចារ្យនៃអង្គរ។ ក្នុងឱកាសនេះ ក៏បានរំលឹក និងសម្តែងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះព្រះវិញ្ញាណក្ខន្ធ សម្តេចរាជបុត្រី នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុគ្គលដ៏ឆ្នើមក្នុងការអភិរក្ស ថែរក្សា បន្តវេន និងផ្សព្វផ្សាយ របាំព្រះរាជទ្រព្យកម្ពុជា ឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ រក្សាសិទ្ធដោយ៖សុទ្ធលី
























