ខេត្តកណ្តាល៖ សត្វពស់ថ្លាន់ និងពស់ចម្រុះដែលជាសត្វព្រៃត្រូវបានការពារ សរុបជាង ២០០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញស្ទាក់បង្ក្រាប ខណៈកំពុងដឹកជញ្ជូនទៅលក់នៅទីផ្សារងងឹតក្នុងខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា: នៅក្នុងប្រតិបត្តិការនេះ មាន ជនសង្ស័យម្នាក់បានរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូ ខណៈស្ត្រីម្នាក់ទៀតត្រូវបានឃាត់ខ្លួន ប៉ុន្តែត្រូវបានបុរសម្នាក់ដែលអះអាងថាជាមន្ត្រីអង្គការអភិរក្សហៅកាត់ N R C D ឈ្មោះ ប៊ិន បើករថយន្តមកយកទៅបាត់។
ការបង្ក្រាបនេះ បានធ្វើឡើង នៅតាមបណ្តោយផ្លូវលេខ១១០ ស្ថិតក្នុងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដឹកនាំដោយលោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃ ៣ ខែ តុលា។
សមត្ថកិច្ចបានបញ្ជាក់ថា: កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានបុរសនិងស្ត្រីពីរនាក់ជិះម៉ូតូពីរគ្រឿង ដឹកសត្វព្រៃចេញពីភូមិសាស្ត្រឃុំប្រាសាទ ដើម្បីយកទៅលក់ឱ្យឈ្មួញ។
តាមព័ត៌មាននេះ មន្ត្រីនគរបាលសមត្ថកិច្ច បានបញ្ជាឱ្យកម្លាំងជំនាញដឹកនាំដោយលោក ទេព ទូច ចុះឃ្លាំមើល និងស្ទាក់ឃាត់។
នៅពេលឃាត់ត្រួតពិនិត្យ បុរសម្នាក់ ជាជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ខណៈស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន។
សមត្ថកិច្ចបានរកឃើញសត្វពស់ថ្លាន់ទម្ងន់ប្រមាណ ១៧១គីឡូក្រាម និងពស់ចម្រុះប្រមាណ ២៣គីឡូក្រាម ដែលត្រូវបានលាក់ទុកក្រោមត្រី អន្ទង់ និងខ្យង ព្រមទាំងម៉ូតូពីរគ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា: នៅពេលនោះ ខណៈកម្លាំង សមត្ថកិច្ចកំពុងតែ ដឹកជញ្ជូនវត្ថុតាង និង ស្ត្រីដែលឃាត់ខ្លួនទៅកាន់សាលាស្រុកស្អាង ស្រាប់តែមានបុរសម្នាក់ឈ្មោះ ប៊ិន ដែលអះអាងថាជាមន្ត្រីអង្គការអភិរក្សហៅកាត់ NRCD បានបើករថយន្តមកយកស្ត្រីជាជនសង្ស័យទៅបាត់។
បច្ចុប្បន្ននេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ និង តាមប្រមាញ់ជនពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់។
ចំណែកឯ សត្វពស់ដែលបានរឹបអូស ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្តកណ្តាល ដើម្បីសង្គ្រោះ និង ថែរក្សា មុននឹងព្រលែងចូល ក្នុងព្រៃធម្មជាតិវិញ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





