ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងទំនើង ៩នាក់ ពាក់ព័ន្ធវាយ និងលួចម៉ូតូ ត្រូវបានឃុំខ្លួននៅពន្ធនាគារ ព្រៃស!

ភ្នំពេញ៖ ក្មេងទំនើងចំនួន ៩នាក់ ដែលស្ថិតក្នុងក្រុមមានរហស្សនាម «ប្លុកសេដ (MS), កាហ្វេស្វាយ និងចេកឆាប» ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស បន្ទាប់ពីពួកគេត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ថា បានដេញវាយក្មេងមួយក្រុម និង យកម៉ូតូរបស់ជនរងគ្រោះទៅបាត់។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណ ១រំលងអធ្រាត្រ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវចូលវត្តជន្លង់ម្លូ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមព័ត៌មានពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា: នៅយប់កើតហេតុ ក្រុមក្មេងទំនើងទាំង៣ មានសមាជិកប្រមាណ ២២នាក់ ជិះម៉ូតូប្រមាណ ១០គ្រឿង និង មានដុំថ្មជាប់ខ្លួន បានធ្វើដំណើររកក្រុមក្មេងផ្សេងទៀត ដើម្បីវាយប្រហារ ដោយពួកគេហៅសកម្មភាពនេះថា ការកាត់សាញ និងកម្សាន្តអារម្មណ៍។

នៅពេលធ្វើដំណើរដល់កន្លែងកើតហេតុ ពួកគេបានប្រទះឃើញក្រុមជនរងគ្រោះមានគ្នា៦នាក់ ជិះម៉ូតូ ៣គ្រឿង។

បន្ទាប់មក ក្រុមក្មេងទំនើងបានជិះដេញតាម និងគប់ដុំថ្ម ព្រមទាំងវាយប្រហារទៅលើក្រុមជនរងគ្រោះ បណ្តាលឱ្យពួកគេដួល និងរត់ចោលម៉ូតូ ដើម្បីគេចខ្លួនចូលក្នុងភូមិដែលមានប្រជាពលរដ្ឋរស់នៅក្បែរនោះ។

ក្រោយជនរងគ្រោះរត់គេចខ្លួន ក្រុមក្មេងទំនើងបានបន្តធ្វើសកម្មភាពទៅលើម៉ូតូដែលត្រូវបានទុកចោល ហើយបានយកម៉ូតូមួយគ្រឿងទៅជាមួយ មុននឹងនាំគ្នាជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ។

បន្ទាប់ពីការស្រាវជ្រាវ យ៉ាងល្អិតល្អន់,សមត្ថកិច្ចនគរបាល
បានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ រួចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពិនិត្យសំណុំរឿង តំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យទាំង៩នាក់ និងបក្សពួក ពីបទ: “ហិង្សាដោយមានស្ថានទម្ងន់ទោស និង លួចមានស្ថានទម្ងន់ទោស” ប្រព្រឹត្តនៅចំណុចមុខក្លោងទ្វារវត្តជន្លង់ម្លូ តាមមាត្រា ២១៨ចំណុច២ និងចំណុច៣ មាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤០១៤ អ.យ.ធ ចុះថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ហើយចៅក្រម ក៏បានសម្រេចឃុំខ្លួនជនសង្ស័យទាំង៩នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

ចំណែកឯ សមាជិកផ្សេងទៀតដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម