នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំកម្មវិធីបាឋកថាស្តីពី «តួនាទីរបស់យុវជនក្នុងការចូលរួមអភិវឌ្ឍសង្គម» ដោយមាន ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាវាគ្មិនកិត្តិយស និងមានយុវជន និងអ្នកចូលរួមប្រមាណ ៨០នាក់។
ក្នុងឱកាសស្វាគមន៍ ឯកឧត្តម ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានសម្តែងក្តីសោមនស្សរីករាយចំពោះការអញ្ជើញចូលរួមរបស់ ឯកឧត្តម ជា ធីរិទ្ធ ក្នុងនាមជាវាគ្មិនកិត្តិយសនៃកម្មវិធី។ ឯកឧត្តមបានលើកឡើងថា កម្មវិធីបាឋកថានេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់យុវជន ក្នុងការទទួលបានចំណេះដឹង និងទស្សនៈថ្មីៗ ព្រមទាំងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា និងមេរៀនពីអតីតកាល ដែលអាចយកមកធ្វើជាមូលដ្ឋានសម្រាប់ការអប់រំខ្លួន និងការចូលរួមក្នុងសង្គម។
ជាមួយគ្នានេះ ឯកឧត្តម ជា ធីរិទ្ធ បានធ្វើបាឋកថាដោយផ្តោតលើសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការសិក្សា និងស្វែងយល់អំពីប្រវត្តិសាស្ត្រកម្ពុជា តាមរយៈកេរដំណែលរបស់ អ.វ.ត.ក. ព្រមទាំងការរក្សាការចងចាំ និងការរៀនសូត្រពីមេរៀននៃអតីតកាល។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីរបស់យុវជនក្នុងការស្គាល់ពីខ្លួនឯង ស្គាល់ប្រវត្តិសាស្រ្ត ខិតខំបណ្តុះស្មារតីស្រឡាញ់សន្តិភាព និងការចូលរួមចំណែកក្នុងការកសាងសង្គម និងអនាគតកម្ពុជាប្រកបដោយស្ថិរភាព និងការអភិវឌ្ឍ។
កម្មវិធីនេះក៏បានផ្តល់ឱកាសដល់យុវជន និងអ្នកចូលរួមក្នុងការផ្លាស់ប្តូរយោបល់ និងសួរសំណួរទៅកាន់វាគ្មិន ពាក់ព័ន្ធនឹងតួនាទីរបស់យុវជន ការសិក្សាប្រវត្តិសាស្ត្រ ការរក្សាការចងចាំ និងការចូលរួមអភិវឌ្ឍសង្គម។ តាមរយៈការពិភាក្សា និងការចែករំលែកនេះ អ្នកចូលរួមបានទទួលឱកាសស្វែងយល់បន្ថែមអំពីសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការកសាងសង្គម។
មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ជា ធីរិទ្ធ ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស និងចែករំលែកចំណេះដឹង និងទស្សនៈដ៏មានតម្លៃ ព្រមទាំងសូមថ្លែងអំណរគុណដល់យុវជន និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធី និងចូលរួមផ្លាស់ប្តូរយោបល់ក្នុងការស្វែងយល់អំពីតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍសង្គម។ រក្សាសិទ្ធដោយ៖សុទ្ធលី


















