ខេត្តសៀមរាបៈ រដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦សូមប្រកាសព័ត៌មានស្តីពីអង្គភាពសារព័ត៌មាន បានធ្វើការចុះផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា “បុរសធ្វើដងកាំបិតលក់ត្រូវរងការចោទប្រកាន់ថាជាអ្នកបំផ្លាញ ផល និងអនុផលព្រៃឈើ និងធនធានធម្មជាតិគ្រប់ប្រភេទ កើតឡើង នៅស្រុកជីក្រែង ខេត្តសៀមរាប”។ព័ត័មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម :
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា៖ នៅថ្ងៃទី២-៤ ខែមីនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំ ក្រុមការងារចម្រុះដោយមានការចូលរួមពីព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះពិនិត្យ និងស្រាវជ្រាវបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកជីក្រែង ស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ដើម្បីធ្វើការអបរំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ បញ្ឈប់ការផលិតឡធ្យូង និងបង្កើត រោងសិប្បកម្មគ្រប់ប្រភេទដែលខុសពីគោលការណ៍ច្បាប់អនុញ្ញាត។
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ អង្គភាពសារព័ត៌មាន “សាន្ត ព្រហ្ម” បានធ្វើការចុះផ្សា ព័ត៌មានតាមរយៈហ្វេសបុកផេកមួយ ដែលមានខ្លឹមសារថា “បុរសធ្វើដងកាំបិតលក់ ត្រូវរងការចោទប្រកាន់ថាជាអ្នកបំផ្លាញ ផល និងអនុផលព្រៃឈើ និងធនធានធម្មជាតិគ្រប់ប្រភេទ កើតឡើង នៅស្រុកជីក្រែង ខេត្តសៀមរាប”។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានធ្វើការចុះល្បាតនៅដែនជម្រកសត្វព្រៃបឹងពែរ ចំណុចគោកប្រេស ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជួបប្រទះករណីបង្កើតមូលដ្ឋានកែច្នៃ ផល និងអនុផល ព្រៃឈើចំនួន១កន្លែង ដែលបង្កើតឡើងដោយឈ្មោះ សុខ សិដ្ឋ ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិ ក្រាំងតាឡាក់ ឃុំមហាឬស្សី ស្រុកគងឬស្សី ខេត្តកំពង់ស្ពឺ ឃើញមាន ម៉ាស៊ីនច្រៀកឈើ (ម៉ាកសៀងហៃ) ចំនួន១គ្រឿង ដងស្នូរចំនួន១ ដងចបចំនួន២០៥ដើម ដងប៉ូវថៅចំនួន៩៨ដើម ឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន៨កំណាត់ ជំនៀឈើប្រភេទក្រឡាញ់ ប្រវែង១ម៉ែត្រចំនួន២៣កំណាត់។ ជាមួយគ្នានោះ កម្លាំងល្បាតក៏បានប្រមូលវត្ថុតាងយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការស្រោងផងដែរ។
សកម្មភាពនេះ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងបញ្ញត្ត នៃក្រុមបរិស្ថាននិង ធនធានធម្មជាតិមាត្រា៨៥០ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ក្នុងតំបន់ការពារធនធានធម្មជាតិ ចំពោះបុគ្គលដែលមានបានប្រព្រឹត្តអំពើណាមួយក្នុងតំបន់ការពារធនធានធម្មជាតិកថាខណ្ឌ “ក ព្រៃ និងធនធានធម្មជាតិបង្កើតឡគ្រប់ប្រភេទឬបង្កើតមូលដ្ឋានកែច្នៃ ផល និងអនុផលព្រៃឈើ រុក្ខជាតិ គ្រប់ប្រភេទក្នុងតំបន់ស្នូល និងតំបន់អភិរក្ស។
កន្លងមកមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយកងកម្លាំងយោធាតំបន់ ប្រតិបត្តការសឹករងខេត្ត គណៈបញ្ជាការឯកភាពក្រុង ស្រុក និងសហគមន៍តំបន់ការពារធម្មជាតិ ធ្វើការ បង្ក្រាបបទល្មើស ធនធានធម្មជាតិ ជាច្រើនបន្តបន្ទាប់ក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យថែរក្សា និងអភិរក្ស ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ចាំបាច់ត្រូវពង្រីកការអប់រំផ្សព្វផ្សាយ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសការអនុវត្តច្បាប់។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមស្វាគមន៍នូវរាល់ការផ្តល់ ព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ ទាំងសាធារណៈមតិ និងអ្នកសារព័ត៌មានទាំងអស់ ដើម្បីឱ្យបេសកកម្មនៃ ការថែរក្សា និងអភិរក្សធនធានធម្មជាតិសម្រេចទៅបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី













