ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវរួមគ្នាបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញសេចក្តីអំពាវនាវស្តីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង្កេតឃើញថានៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍ នេះ បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនគោរពសិទ្ធិអាទិភាពជាដើម។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប សូម មេត្តាយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តវិធានការដូចខាងក្រោម៖

១-កុំបើកបរលើសល្បឿនកំណត់។

២-កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។

៣-ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។

៤-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។

៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។

៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្តដូចជា សំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និង ចង្កូត ជាដើម ។

៧-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិន ឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្តែងនូវសេចក្តីសង្ឃឹម និងជឿទុកចិត្តលើ ស្មារតីប្រុងប្រយ័ត្នរបស់សាធារណជនក្នុងការអនុវត្តសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តី សុខសប្បាយ រីករាយជាមួយក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំនេះ។ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម