សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ បានចេញដីកាសម្រេចឲ្យឃុំខ្លួនក្រុមឧក្រិដ្ឋជនជាតិចិន ៨នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជិត ១តោន និងសំអាតប្រាក់!។
ករណីទាំងនេះ បានកើតឡើងនៅចំណុចឆ្នេរព្រែកចាក ភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០០:១០នាទី លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំអនុប្រធាននាយកដ្ឋាន កម្លាំងអង្គភាពបង្ក្រាបបទល្មើស លើផ្ទៃសមុទ្រ និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដាក់បណ្ដាញសម្ងាត់ជាច្រើនថ្ងៃ រហូតឈានដល់ការកំណត់មុខសញ្ញា និងកំណត់គោលដៅជាក់លាក់ ហើយបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់នៅម្ដុំកោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះបានធ្វើឡើង ក្រោមការបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិស ភូមិភាគទី៣ ទី៤ និងទី៥ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត?។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងសំខាន់ៗជាច្រើន រួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ប្រមាណ ៩០០គីឡូក្រាម អាវុធវែង-ខ្លី ចំនួន ៤៩ដើម (វែង ១០ដើម ខ្លី ៣៩ដើម) សម្ភារពាក់ព័ន្ធនឹងអាវុធដូចជា បង់អាវុធ ១០៨បង់ គ្រាប់អាវុធ ៧៩៣៧គ្រាប់ និងស៊ីឡង់សឺ ៨ដើម ។
ក្រៅពីនេះ ក៏មានមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន រួមមានអូប័រ ១គ្រឿង រថយន្ត ២គ្រឿង និងម៉ូតូ ៣គ្រឿង ព្រមទាំងវត្ថុចាប់យកផ្សេងៗទៀតដែលបម្រើឱ្យសកម្មភាពល្មើសខាងលើ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






