ខេត្តពោធិ៍សាត់៖ កម្លាំងគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទប្រចាំការលើបឹងទន្លេសាប បានឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកសារព័ត៌មានអនឡាញ និង បានបញ្ជូន គាត់ ទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធការ គំរាមកំហែង និង ជំរិតទារប្រាក់ពីប្រជានេសាទ នៅទន្លេសាប។
យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាព បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បុគ្គលឈ្មោះ កែវ ហួរ ជាអ្នកសារព័ត៌មានអនឡាញ បានទូរស័ព្ទទៅប្រជានេសាទ ដើម្បីសួរនាំអំពីការនេសាទម៉ង់ត្រីប្រម៉ានៅចំណុចបាឡត ខេត្តកំពង់ធំ។
ក្នុងអំឡុងការទំនាក់ទំនងនោះ ជនរូបនេះត្រូវបានចោទប្រកាន់ថា បានគំរាមកំហែង និងទាមទារប្រាក់ពីប្រជានេសាទ។
ក្រោយទទួលបានព័ត៌មាន កម្លាំងប្រចាំការនៅស្នាក់ការផែកំពង់លួង បានរាយការណ៍ទៅលោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដើម្បីចាត់វិធានការបន្ទាន់ ដោយបារម្ភថា ករណីនេះអាចបង្កការលំបាកដល់ប្រជានេសាទ និងធ្វើឱ្យមានការយល់ច្រឡំចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទ។
បន្ទាប់ពីទទួលបានបទបញ្ជា នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងបង្ក្រាបបទល្មើសប្រចាំការនៅស្នាក់ការឆ្នុកទ្រូ បានចុះស្រាវជ្រាវ និង រកឃើញ ឈ្មោះ កែវ ហូរ នៅហាងកាហ្វេយីហោ «៥.១១» ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្រោយឃាត់ខ្លួន កម្លាំងបាននាំបុរសរូបនេះទៅប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
របាយការណ៍បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ កែវ ហូរ ក៏ធ្លាប់ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទ «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយត្រូវបានដោះលែងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។
ជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ជនសង្ស័យ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ។ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN៕







