ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រាបៀរ Budweiser នៅតែមានលក់នៅកម្ពុជា ខណៈការហាមឃាត់ផលិតផលថៃកំពុងត្រូវបានអនុវត្ត??

ភ្នំពេញ៖ ការដែលស្រាបៀរ Budweiser នៅតែមានដាក់លក់ជាសាធារណៈនៅតាមហាងលក់ភេសជ្ជៈ និង ទីផ្សារមួយចំនួនក្នុងប្រទេសកម្ពុជា បានធ្វើឱ្យមានសំណួរពីសាធារណជន អំពីប្រភពនាំចូល អ្នកចែកចាយ និង ថាតើផលិតផលនេះស្ថិតក្រោមវិធានការរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ផលិតផលថៃឬយ៉ាងណា។

សំណួរនេះកើតឡើងនៅពេលដែលកម្ពុជាកំពុងអនុវត្តវិធានការទាក់ទងនឹងការនាំចូល និងការប្រើប្រាស់ផលិតផលពីប្រទេសថៃ ខណៈប្រជាពលរដ្ឋមួយចំនួនក៏បានចូលរួមធ្វើពហិការមិនទិញ និងមិនប្រើប្រាស់ផលិតផលថៃ។

ទោះជាយ៉ាងណាក្តី ការកំណត់ថា ស្រាបៀរ Budweiser ជា “ផលិតផលថៃ” គួរត្រូវបានបញ្ជាក់ឱ្យបានច្បាស់លាស់ជាមុន។

តាមព័ត៌មានរបស់ក្រុមហ៊ុនផលិត Budweiser គឺជាម៉ាកស្រាបៀរដែលមានប្រភពដើមពីសហរដ្ឋអាមេរិក និង ស្ថិតក្រោមក្រុមហ៊ុន Anheuser-Busch InBev (AB InBev)។

នៅកម្ពុជា Budweiser ត្រូវបានចែកចាយតាមរយៈ BevFood Trading (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបានចុះបញ្ជីធ្វើអាជីវកម្មនៅកម្ពុជា និងមានផលិតផល Budweiser ក្នុងចំណោមផលិតផលដែលខ្លួនចែកចាយ។

ការនៅតែមាន ស្រាបៀរ Budweiser លក់នៅលើទីផ្សារកម្ពុជា បានធ្វើឱ្យមហាជនចង់ដឹងថា: តើផលិតផលនេះ ត្រូវបាននាំចូលពីប្រទេសណា ? តើអ្នកណាជាអ្នកនាំចូល និងតើការនាំចូល និងចែកចាយនេះស្របតាមវិធានការរបស់រដ្ឋាភិបាលដែលកំពុងអនុវត្តឬយ៉ាងណា?។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ប្រសិនបើផលិតផលណាមួយត្រូវបានកំណត់ថា: មានប្រភពពីថៃ ឬជាផលិតផលដែលស្ថិតក្រោមវិធានការហាមឃាត់ នោះអាជ្ញាធរពាក់ព័ន្ធ គួរតែបញ្ជាក់ឱ្យបានច្បាស់ ដើម្បីឱ្យអ្នកប្រើប្រាស់ និងអាជីវករយល់ដឹង និងអនុវត្តបានត្រឹមត្រូវ។

ជាមួយគ្នានេះ ការបញ្ជាក់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម អំពីប្រភពនាំចូល ស្ថានភាពពន្ធគយ និងសិទ្ធិនាំចូល ឬចែកចាយ Budweiser នៅកម្ពុជា នឹងអាចឆ្លើយតបចំពោះចម្ងល់របស់សាធារណជនបានច្បាស់លាស់។

ការបំភ្លឺនេះ មានសារៈសំខាន់ ណាស់ ដើម្បីបែងចែកឱ្យបានច្បាស់រវាង ប្រទេសដើមរបស់ម៉ាកផលិតផល ប្រទេសផលិត ទីកន្លែងនាំចូល និងសញ្ជាតិរបស់ក្រុមហ៊ុនចែកចាយ និងដើម្បីជៀសវាងការយល់ច្រឡំថា ម៉ាកផលិតផលដែលមានក្រុមហ៊ុនចែកចាយ ឬ វិនិយោគិនពាក់ព័ន្ធនឹងប្រទេសណាមួយ សុទ្ធតែមានប្រភពផលិតពីប្រទេសនោះ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម