គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបទ្វេភាគីរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាមួយ ឯកឧត្តម ថងលី ស៊ីសូលីត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ។
នៅរសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ថងលី ស៊ីសូលីត សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម សហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែល គណៈប្រតិភូជាន់ខ្ពស់ នៃសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្តេចធិបតី បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះ មរណភាព ឯកឧត្តម សាយសំផន កំវិហាន សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាការ បាត់បង់ឥស្សរជននយោបាយដ៏ឆ្នើម បានលះបង់ កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីបម្រើជាតិមាតុភូមិឡាវព្រមទាំង ជាមិត្តដ៏ស្និទ្ធស្នាល បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
ជាមួយគ្នានេះ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរ បំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ និងបានអបអរសាទរចំពោះឯកឧត្តម ថងលី ស៊ីសូលីត ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការសហភាពយុវជន និងជា សមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិ ២០២៦-២០៣០ ផងដែរ។
ក្នុងឱកាសនៃជំនួបនេះផងដែរ ភាគីទាំងពីរ បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគី កម្ពុជា-ឡាវ ដែល បានភ្ជាប់ចំណងការទូតក្នុងឆ្នាំ១៩៥៦ និងមានការរីកចម្រើនលើគ្រប់វិស័យរហូតលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង» ក្នុងឆ្នាំ២០១៩។ ក្នុងរយៈពេល ៧០ឆ្នាំ ទំនាក់ទំនង នៃប្រទេសទាំងពីរ បានរីកចម្រើនគួរឱ្យ កត់សម្គាល់ ដោយបានកសាងឡើងលើគ្រឹះដ៏រឹងមាំនៃមិត្តភាព យូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក ដែលសុទ្ធតែបានភ្ជាប់ ទំនាក់ទំនង យ៉ាងស៊ីជម្រៅជាមួយនឹង ចំណងប្រពៃណី និងវប្បធម៌រួម។
សម្រាប់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើការងារយុវជន ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាព ក្នុងរយៈពេលជាង១ឆ្នាំនៃការអនុវត្ត «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់ឆ្នាំ២០២៥-២០២៧» ដែលបានចុះហត្ថលេខា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានប្រែក្លាយស្មារតីនៃអនុស្សរណៈទៅជា សកម្មភាពសហការគ្នាជាក់ស្តែង។
ក្នុងនាមជាកម្លាំងចលករដ៏រស់រវើក ជាសសរទ្រូង និងជាអ្នកបន្តវេនដ៏មានសក្តានុពល ភាគីទាំងពីរ កម្ពុជា-ឡាវ បានឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ការរក្សាទំនាក់ទំនងតាម ការប្រជុំឱ្យបានទៀងទាត់, ការបន្តផ្តល់ការគាំទ្រ និងជួយគ្នា ទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងយុវជន ជាថ្នាក់ដឹកនាំវ័យក្មេង, ការជំរុញការផ្លាស់ប្តូរ និងចែករំលែកបទពិសោធលើការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍយុវជន ក្នុងវិស័យផ្សេងៗ ដូចជាអប់រំ វប្បធម៌ កីឡា សុខាភិបាល ឌីជីថល និងសហគ្រិនភាព, ការរៀបចំ វេទិកាផ្លាស់ប្តូរកម្មវិធីយុវជន និងការបន្តលើកទឹកចិត្តយុវជនគណបក្សទាំងពីរនៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យ បង្កើតកម្មវិធីរួមគ្នា ដើម្បីផលប្រយោជន៍សន្តិភាព និងមិត្តភាព ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី








