ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការលើកឡើងថា: អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិអូស្ត្រាលីម្នាក់ និងជនជាតិន័រវែសម្នាក់ទៅឱ្យអាជ្ញាធរវៀតណាម ដោយបញ្ជាក់ថា: លទ្ធផលស្រាវជ្រាវមិនបង្ហាញថា បុគ្គលទាំងពីរបានចាកចេញពីកម្ពុជាឡើយ។
ការបដិសេធនេះធ្វើឡើង បន្ទាប់ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានស្នើសុំកិច្ចអន្តរាគមន៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការបាត់ដំណឹងរបស់បុគ្គលទាំងពីរ។
បុគ្គលដែលត្រូវបានស្វែងរករួមមាន លោក TRAN HIEP កាន់លិខិតឆ្លងដែនអូស្ត្រាលីលេខ RA1088235 និងលោក NGUYEN THUAN DUC កាន់លិខិតឆ្លងដែនន័រវែសលេខ CFC960392។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ ខែតុលា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់កម្លាំងជំនាញឱ្យធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ភ្លាមៗ បន្ទាប់ពីទទួលបានសំណើពីស្ថានទូតអូស្ត្រាលី។
លទ្ធផលផ្ទៀងផ្ទាត់តាមទិន្នន័យរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្ហាញថា បុគ្គលទាំងពីរបានធ្វើដំណើរពីប្រទេសថៃចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ តាមជើងហោះហើរលេខ K6 723។
ប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍ ក៏មិនមានកំណត់ត្រាថា បុគ្គលទាំងពីរបានចាកចេញពីប្រទេសកម្ពុជានោះទេ។ ផ្អែកលើទិន្នន័យនេះ អាជ្ញាធរកម្ពុជាបានបន្តស្រាវជ្រាវរកទីតាំង និងដំណើររបស់ពួកគេ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា: តាមព័ត៌មានពីក្រសួងនគរបាលវៀតណាម កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរវៀតណាមបានប្រកាសថា បានឃាត់ខ្លួនមនុស្ស៣នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា វេលាម៉ោង៩៖៥០នាទីយប់ នៅប៉ុស្តិ៍ការពារព្រំដែន Mỹ Quý Tây ខេត្ត Tây Ninh។
អ្នកដែលត្រូវបានឃាត់ខ្លួនរួមមាន លោក TRAN HIEP ជនជាតិអូស្ត្រាលី លោក NGUYEN THUAN DUC ជនជាតិន័រវែស និងលោក THAI CONG TRUONG SON ជនជាតិវៀតណាម។
តាមការប្រកាសរបស់អាជ្ញាធរវៀតណាម អ្នកទាំង៣ ត្រូវបានចោទប្រកាន់ពីបទឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ថា ជាសមាជិកអង្គការភេរវកម្ម Việt Tân។
បច្ចុប្បន្ននេះ ពួកគេកំពុងត្រូវបានឃុំខ្លួននៅប្រទេសវៀតណាម ដើម្បីបន្តការស៊ើបអង្កេត។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃកម្ពុជា បានបដិសេធយ៉ាងម៉ឺងម៉ាត់ថា: អាជ្ញាធរកម្ពុជាមិនបានចាប់ខ្លួន ឬបញ្ជូនលោក TRAN HIEP និងលោក NGUYEN THUAN DUC ទៅឱ្យសមត្ថកិច្ចវៀតណាមឡើយ៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN





