ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះខេត្តរតនគិរី បង្ក្រាបបទល្មើសរ៉ែអនាធិបតេយ្យនៅស្រុកអូរយ៉ាដាវ និង រកឃើញអ្នកប្រព្រឹត្ត ចំនួន ៦៦នាក់ !!

ខេត្តរតនគិរី៖ កម្លាំងចម្រុះខេត្តរតនគិរី បានចុះបង្ក្រាបសកម្មភាពធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យនៅតំបន់ភ្នំងោក ស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដោយរកឃើញប្រជាពលរដ្ឋចំនួន ៦៦នាក់ កំពុងប្រព្រឹត្តសកម្មភាពពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

ប្រតិបត្តិការនេះ បានដឹកនាំដោយលោក វ៉ាន់ សោភា អភិបាលរងខេត្ត និ ងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី សហការជាមួយសមត្ថកិច្ចមូលដ្ឋានស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស ដើម្បីទប់ស្កាត់ និងបង្ក្រាបការធ្វើអាជីវកម្មរ៉ែដោយគ្មានការអនុញ្ញាត។

កម្លាំងចម្រុះចំនួន ៣៨នាក់ ប្រើប្រាស់រថយន្ត ៦គ្រឿង និងម៉ូតូ ១២គ្រឿង បានចុះត្រួតពិនិត្យទីតាំងចាស់ចំនួន ៥កន្លែង ស្ថិតនៅលើកំពូលភ្នំងោក ជើងភ្នំងោក និងតាមដងអូរចំនួន ៣ទីតាំងផ្សេងទៀត ក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ដែលស្ថិតក្នុងដែនវិនិយោគដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ជា ច័ន្ទរិទ្ធ អភិវឌ្ឍន៍កសិកម្ម។

ជាលទ្ធផល ក្រុមការងារបានជួបប្រទះប្រជាពលរដ្ឋសរុប ៦៦នាក់ កំពុងធ្វើសកម្មភាពដែលអាជ្ញាធរចាត់ទុកថាជាបទល្មើសរ៉ែអនាធិបតេយ្យ។ អ្នកទាំងអស់ត្រូវបានណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសនៅចំពោះមុខសមត្ថកិច្ចជំនាញ ហើយត្រូវបានថតរូបទុកជាភស្តុតាងសម្រាប់តាមដានបន្ត។

លោក វ៉ាន់ សោភា បានបញ្ជាក់ថា: អ្នកប្រព្រឹត្តទាំង ៦៦នាក់ ត្រូវបានព្រមានជាលើកចុងក្រោយឱ្យបញ្ឈប់សកម្មភាពខុសច្បាប់។ ជាមួយគ្នានេះ មន្ទីររ៉ែ និងថាមពលខេត្តបានផ្សព្វផ្សាយអំពីទោសទណ្ឌ និងការផាកពិន័យតាមច្បាប់ ដើម្បីឱ្យអ្នកពាក់ព័ន្ធយល់ដឹងពីផលវិបាក ប្រសិនបើនៅតែបន្តប្រព្រឹត្តបទល្មើស។

អាជ្ញាធរបានកំណត់រយៈពេលមួយថ្ងៃឱ្យអ្នកពាក់ព័ន្ធរុះរើរោង តង់ និងសម្ភារគាំទ្រផ្សេងៗចេញពីទីតាំងជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ។

ក្រោយប្រតិបត្តិការ កម្លាំងនគរបាលចំនួន ៦នាក់ត្រូវបានដាក់ឱ្យប្រចាំការនៅទីតាំងរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ ហើយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរីចំនួន ២០នាក់ទៀត ត្រូវបានបន្ថែម ដើម្បីពង្រឹងការទប់ស្កាត់ និងការពារមិនឱ្យបទល្មើសកើតឡើងវិញ។

អាជ្ញាធរខេត្តរតនគិរីបញ្ជាក់ថា: ការចុះបង្ក្រាបនេះ គឺជាផ្នែកមួយនៃវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងពង្រឹងការអនុវត្តច្បាប់ ដើម្បីការពារ និងគ្រប់គ្រងធនធានរ៉ែឱ្យមានប្រសិទ្ធភាពនៅក្នុងមូលដ្ឋាន៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម