ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦។
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ និងទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០០៦។ សាកលវិទ្យាល័យបានពង្រីកការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត ដោយបានចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងផ្គត់ផ្គង់កម្លាំងពលកម្មដែលមានចំណេះដឹង និងជំនាញស្របតាមតម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះការអប់រំក៏បានផ្តល់មូលដ្ឋានចំណេះដឹង និងជំនាញដល់និស្សិតអាចយកទៅប្រកបអាជីវកម្ម និងការបង្កើតមុខរបរផ្ទាល់ខ្លួន។
ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពសំខាន់ ដោយបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ និងឧស្សាហកម្ម។ ការអភិវឌ្ឍវិស័យអប់រំបាននិងកំពុងចូលរួមយ៉ាងសំខាន់ក្នុងការកសាងសង្គមពុទ្ធិ ការលើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់ធនធានមនុស្ស ព្រមទាំងរួមចំណែកដល់ការសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់ថា និស្សិតជ័យលាភីទាំងអស់នឹងយកចំណេះ ជំនាញដែលទទួលបាននេះទៅចូលរួមបម្រើសង្គមជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កោតសរសើរ ការរីកចម្រើនជាបន្តបន្ទាប់របស់ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។រក្សាសិទ្ធដោយ៖សុទ្ធលី











