ភ្នំពេញ៖ អតីតប្តីម្នាក់បានកាប់ប្រហារអតីតប្រពន្ធជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីស្ត្រីរងគ្រោះមិនព្រមត្រឡប់ទៅរស់នៅជាមួយគ្នាវិញ ខណៈជនដៃដល់បានរត់ចូលវត្ត និង ធ្វើអត្តឃាតនៅទីនោះ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៣០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចក្នុងវត្តតាំងរនាម ស្ថិតក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាល បានឲ្យដឹងថា: អតីតប្តី និងស្ត្រីរងគ្រោះបានលែងលះគ្នាអស់រយៈពេលប្រមាណ៣ខែមកហើយ។
ក្រោយមក អតីតប្តីបានមកសុំត្រូវគ្នាវិញ ប៉ុន្តែស្ត្រីរងគ្រោះមិនព្រម ក៏កើតមានជម្លោះ រហូតឈានដល់ការប្រើកាំបិតកាប់ប្រហារស្ត្រីរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យរងរបួសធ្ងន់។
ក្រោយកើតហេតុ ក្រុមគ្រួសារបានប្រញាប់ដឹកស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
ចំណែកអតីតប្តីបានរត់ចូលទៅក្នុងវត្តតាំងរនាម ហើយបន្ទាប់មកបានធ្វើអត្តឃាត។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យកន្លែងកើតហេតុ និងសព។
ក្រោយបញ្ចប់ការពិនិត្យ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
ទោះបីជាយ៉ាងណាក្តី, សមត្ថកិច្ចនគរបាល មិនទាន់បាន បង្ហាញអំពី អត្តសញ្ញាណ របស់ អតីតប្តីប្រពន្ធ ទាំងពីរ នាក់ ខាងលើនេះឡើយ រហូតមកថ្ងៃ ទី ៨ ខែ តុលានេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






