ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី៤ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្រោមការសម្របសម្រួល និងគាំទ្រពី ក.អ.ក. ។

កម្មវិធីជំនួបអាហារពេលព្រឹកធុរកិច្ចលើកទី៤ នេះ មានការអញ្ជើញចូលរួមពី សំណាក់តំណាងក្រសួង ស្ថាប័នដែលជាសហប្រធានក្រុមការងារតាមវិស័យនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ព្រមទាំងតំណាងអង្គទូត ដៃគូអភិវឌ្ឍន៍រួមមាន តំណាង ADB, UN, GIZ ជាដើម, និងសភាពាណិជ្ជកម្មនៃប្រទេសចិន, សហភាពអឺរ៉ុប, ជប៉ុន, កូរ៉េ, និង សហរដ្ឋអាម៉េរិក សរុបប្រមាណ៩០រូប។ ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាផ្លាស់ប្តូរយោបល់អំពីការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ច។។

កម្មវីធីបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ផ្តើមដោយមតិស្វាគមន៍ពីសំណាក់ ឯកឧត្តមអគ្គរដ្ឋទូតសហភាពអ៉ឺរ៉ុប លោក Igor Driesmans លោក Tassilo Brinzer ប្រធាន EUROCHAM , និងមតិបើកកម្មវិធីដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. មុននឹងបន្តដោយការធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់សភាពាណិជ្ជកម្មអ៉ឺរ៉ុប (Eurocham)»

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖ (១)ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការកាត់បន្ថយនូវនីតិវិធី និងចំណាយមិនចាំបាច់ផ្សេងៗ, (២)ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន, និង (៣)ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។

នៅក្នុងរបៀបវារៈចុងក្រោយ សមាជិកក្នុងក្នុងកម្មវិធីទាំងមូល ក៏ត្រូវបានអនុញ្ញាតឱ្យលើកឡើងជាសំណួរ និងការបញ្ចេញមតិយោបល់ទៅវិញទៅមក សំដៅកំណត់បាននូវដំណោះស្រាយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីស្មារតីសហប្រតិបត្តិការជិតស្និទ្ធ បើកចំហ និងប្រកបដោយទំនុកចិត្តរបស់សហគមន៍ធុរកិច្ច-វិនិយោគអន្តរជាតិ មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងរួមគ្នាពង្រឹងកិច្ចសហការ តាមរយៈយន្តការសន្ទនាពិភាក្សាផ្ទាល់ៗ ត្រង់ទៅត្រង់មក ដើម្បីធានាបាននូវបរិយាកាសវិនិយោគអំណោយផល និងពោរពេញដោយទំនុកចិត្តរវាងគ្នា។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗបន្ថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម