ខេត្តពោធិ៍សាត់៖ អ្នកព័ត៌មានម្នាក់ដែលត្រូវបានចោទប្រកាន់ថា: បានគំរាមកំហែង និង ជំរិតទារប្រាក់ពីប្រជានេសាទនៅលើបឹងទន្លេសាប ត្រូវបានតុលាការខេត្តពោធិ៍សាត់ចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពី ថ្ងៃទី ៧ ខែ តុលា ។
យោងតាមដីកា របស់តុលាការខេត្តពោធិ៍សាត់ ចុះកាលបរិច្ឆេទ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា: ជនត្រូវរូបនេះ មានឈ្មោះ កែវ ហួរ ហៅ លី ហួរ ដែលមានមុខរបរជាអ្នកសារព័ត៌មាន និង ត្រូវបានចាប់ ឃាត់ខ្លួន បន្ទាប់ពី គាត់ បានរងការចោទប្រកាន់ថា: តែងតែ បានទូរស័ព្ទទៅកាន់ប្រជានេសាទ ដោយសួរនាំអំពីការនេសាទ ម៉ង់ត្រីប្រម៉ា នៅចំណុចបាឡត ខេត្តកំពង់ធំ ហើយបន្តគំរាមកំហែង និងជំរិតទារប្រាក់ពីពួកគេ ជាហូរហែ ឥតមានល្ហែ??
ឈ្មោះ កែវ ហួរ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ចោទប្រកាន់ពីបទ “កំហែង” ប្រព្រឹត្តនៅភូមិទី២ សង្កាត់កំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។
យោងរបាយការណ៍ របស់សមត្ថកិច្ច បានឱ្យដឹងថា: កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ កែវ ហួរ ក៏ធ្លាប់ត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ឆ្នាំង ផងដែរ ជាប់ពាក់ព័ន្ធនឹងបទល្មើស «ញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយគាត់ ក្រោយមក ត្រូវបានដោះលែង ពីពន្ធនាគារ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN






