អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូន សាធារណៈជន អ្នកនិយមតាមដានព័ត៌មានលើបណ្ដាញសង្គម និងបងប្អូនអ្នកសារព័ត៌មាន ឱ្យបានជ្រាបថា:
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ស្នងការនគរបាលខេត្តសៀមរាប ទទួលបានព័ត៌មានលើបណ្តាញសង្គម របស់គណនីហ្វេសប៊ុក និងផេកសារព័ត៌មាន បានបង្ហោះលើបណ្តាញសង្គម ដែលមានខ្លឹមសារថា “ដាក់លុយមក កុំកុហកកុហិនរាល់ថ្ងៃពេក លោកប៉ូលីស នៅស្នងការខេត្តសៀមរាប ទាល់មិនទាល់ខ្ញុំមិនដឹង ដឹងត្រឹមមកបោកលុយខ្ញុំទៅជិត ២ខែហើយ ដើម ការ មិនបាន មកសុំពេលរាល់ថ្ងៃ លុយស្អីក៏មិនបាន មកជួបដល់តូបស្អីទៀត លុយម៉ាគនមុនក្រោយ អត់បានទាំងអស់ គ្មានខ្លាចអាណាទៀតទេ ប៉ុណ្ណឹងហើយ មកបោកអាញ់ស្រស់ៗអាញ់ក្ដៅអត់បាត់ទេ កុំមកភ្លើដាក់អាញ់ទ្រាំយូរហើយដែរ”។
បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់បទបញ្ជាឱ្យ លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស អញ្ជើញលោកអនុសេនីយ៍ឯក សរ រស្មី មកធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម:
លោកអនុសេនីយ៍ឯក សរ រស្មី បាទទួលស្គាល់ថាខ្លួនបានជំពាក់ប្រាក់ប្រជាពលរដ្ឋ ដូចការបង្ហោះលើបណ្តាញ សង្គម(Facebook)កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ពិតមែន ដោយរូបលោកអនុសេនីយ៍ឯក សរ រស្មី បានខ្ចីប្រាក់ពីលោកស្រី លី រក្សា ហើយមិនបានសងតាមការសន្យា។
កន្លងមកភាគីទាំងពីរធ្លាប់បានមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជួបគ្នាដើម្បីសម្របសម្រួល (រវាងលោកអនុសេនីយ៍ឯក សរ រស្មី និងលោកស្រី លី រក្សា) ហើយលោកអនុសេនីយ៍ឯក សរ រស្មី បានសន្យា នឹងសងប្រាក់ជូនម្ចាស់បំណុលឱ្យគ្រប់ចំនួនដោយមិនគេចវេះឡើយ។ប្រសិនបើរូបលោកមិនព្រមសងប្រាក់ ឬ គេចវេះនោះ រូបលោកសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ករណីនេះសូមបញ្ជាក់ថា ជារឿងផ្ទាល់ខ្លួន រវាងលោកអនុសេនីយ៍ឯក សរ រស្មី និងលោកស្រី លី រក្សា ម្ចាស់បំណុល មិនមានការពាក់ព័ន្ធ និងអង្គភាពនោះទេ ប៉ុន្តែក្នុងនាមប្រធាន អង្គភាព លោកឧត្តមសេនីយ៍ទោ ស្នងការ និងអោយលោកស្នងការរង ទទួលផែនការងារធនធានមនុស្ស អញ្ជើញភាគីទាំងពីរ មកជួបគ្នា នៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្របសម្រួលគ្នាដោយសន្តិវិធី ទៅតាមសំណូមពរភាគីទាំងពីរ តែបើការសម្របសម្រួលមិនទទួលបានលទ្ធផលល្អ និងឱ្យភាគីទាំងពីរបន្តដោះស្រាយជាមួយគ្នាតាមផ្លូវច្បាប់។
ករណីលោកអនុសេនីយ៍ឯក សរ រស្មី បានយកឯកសារ (អត្តសញ្ញាណប័ណ្ណនគរបាលជាតិ)ជាឯកសារសម្គាល់ខ្លួនទៅតម្កល់ជាមួយ និងម្ចាស់លុយនោះ លោកឧត្ដមសេនីយ៍ទោ ស្នងការ បានធ្វើរបាយការណ៍ គោរពជូនទៅ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួចហើយ ។ រក្សាសិទ្ធដោយ៖សុទ្ធលី





