ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន ៩៦នាក់ ក្នុងនោះមានស្ត្រី ១៤នាក់ និងកុមារ ៤នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការធ្វើការ និងការស្នាក់នៅក្នុងប្រទេសថៃដោយគ្មានឯកសារត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា: ពលរដ្ឋខ្មែរទាំង ៩៦នាក់ ត្រូវបានអាជ្ញាធរថៃប្រគល់ជូនសមត្ថកិច្ចកម្ពុជាវិញនៅរសៀលថ្ងៃដដែល។
លោកបានបញ្ជាក់ថា អ្នកដែលត្រូវបានបញ្ជូនមកវិញ រួមមានពលករខ្មែរដែលធ្វើការនៅប្រទេសថៃដោយខុសច្បាប់ អាជីវករខ្មែរដែលលក់ដូរនៅផ្សាររ៉ូងក្លឿ និងស្នាក់នៅដោយគ្មានឯកសារត្រឹមត្រូវ ព្រមទាំងពលករដែលចាញ់បោកមេខ្យល់ និងលួចឆ្លងដែនទៅប្រទេសថៃ ដើម្បីស្វែងរកការងារធ្វើ។
បន្ទាប់ពីទទួលបានពលរដ្ឋខ្មែរទាំងនេះ កម្លាំងជំនាញបានសាកសួរ និងប្រមូលព័ត៌មានពាក់ព័ន្ធ មុននឹងរៀបចំដឹកជញ្ជូនពួកគេតាមរថយន្តទៅកាន់មណ្ឌលសំចតក្រុងប៉ោយប៉ែត ដើម្បីត្រៀមបញ្ជូនបន្តទៅលំនៅឋានរៀងៗខ្លួនដោយសុវត្ថិភាព។
ជាមួយគ្នានេះ អាជ្ញាធរកម្ពុជាបានផ្តល់អាហារសម្រន់ដល់ពលរដ្ឋម្នាក់ៗ ដោយមានបាយសាច់ជ្រូកមួយប្រអប់ និង ទឹកបរិសុទ្ធមួយដប បន្ទាប់ពីពួកគេត្រូវបានប្រគល់ជូននៅច្រកទ្វារព្រំដែន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN







