ភ្នំពេញ៖ទោះបីមេឃភ្លៀងរលឹមយ៉ាងខ្លាំងទទឺកជោគខ្លួនយ៉ាងណាក៏ដោយឯកឧត្ដមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមហេង សួរ៌ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកព្រលឹមថ្ងៃទី០៩ តុលា២០២៦នេះ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ខណៈដែលពួកគាត់ត្រូវចាកចេញពីភ្នំពេញទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជាលំដាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពផងដែរ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ តាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្តី បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រសួងការងារ ដើម្បីរៀបចំជូនដំណើរ ប្រជាពលរដ្ឋ កម្មករ កម្មការិនីធ្វើការនៅរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តទាំង២៤ ដោយមិនគិតថ្លៃ តាមកាេប្រើប្រាស់សេវា រថយន្តសាធារណៈរាជធានីភ្នំពេញដើម្បី ជួបជុំបងប្អូននៅរដូវ បុណ្យភ្ជុំបិណ្ឌនេះ។
ជារៀងរាល់ឆ្នាំ រដ្ឋបាលរាជធានីទទួលនូវការណែនាំ និងអនុសាសន៍ ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងរដូវបុណ្យទាន។ បន្ទាប់មកទៀត នៅក្នុងនីតិកាលទី៧នេះ សម្តេចធិបតីហ៊ុន ម៉ាណែតក៏បន្តនូវប្រពៃណីនេះ តាមគោលការណ៍ របស់សម្តេចតេជោ ដោយ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្ត ក្រុងចំនួន៦០០គ្រឿង ដើម្បីជូនដំណើរពួកគាត់ ទៅបុណ្យភ្ជុំបិណ្ឌតាមប្រពៃណីជាតិ នៅតាមបណ្តាខេត្ត។ ប៉ុន្តែឆ្នាំនេះចម្លែក ដោយឃើញបងប្អូនពលករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរ អាជីវកម្ម នៅរាជធានីភ្នំពេញ បានធ្វើដំណើរទៅខេត្តទាំង២៤នេះ មានចំនួនច្រើនជាងមុន ដោយសារគាត់បានឃើញអំពីអត្ថប្រយោជន៍ ដែលសម្តេចធិបតី បានផ្តល់ជូនគាត់ ក៏ដូចជា អ្នកបម្រើសេវាដឹកជញ្ជូន មានភាសាផ្អែមល្ហែម ក្នុងនាមជាជាតិតែមួយ ក្រោម ដំបូលរាជរដ្ឋាភិបាលតែមួយក្រោមការដឹកនាំ របស់សម្តេចធិបតី។ ភាពជិតស្និទ្ធនេះ បានធ្វើឲ្យគាត់ងាកមកប្រើប្រាស់សេវាដឹកជញ្ជូន សាធារណៈ របស់រថយន្តក្រុង ដោយមិនគិតតថ្លៃនេះថែមទៀត។ ទី២ទៀត គាត់ អាចសន្សំថវិកា បានម្នាក់យ៉ាងហោចណាស់១៥ដុល្លារ ក្នុងពេលទៅ និងពេលត្រឡប់មកវិញ ១៥ទៀត។ ដូច្នេះហើយ ទើបពួកគាត់ងាកមកប្រើប្រាស់សេវានេះច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្ដម ឃួង ស្រេងបន្តថា៖ កម្មករម្នាក់ យ៉ាងតិចត្រូវចំណាយ១៥ដុល្លារធ្វើដំណើរទៅតាម បណ្តាខេត្តឆ្ងាយៗ ហើយជារៀងរាល់ឆ្នាំពលរដ្ឋបានមកទទួលសេវាជិះរថយន្តក្រុងនេះប្រមាណ៥ ម៉ឺននាក់ទៅ៦ម៉ឺននាក់ ដែលអាចកាត់បន្ថយការចំណាយប្រជាពលរដ្ឋបានច្រើន។នេះ ជាគោលការណ៍ដ៏ឈ្លាសវៃ របស់សម្តេចធិបតី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្ដម ឃួង ស្រេងបន្តថា តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតីថា ទោះបីជាអត់ទាន់ដល់ពេលបើកប្រាក់ខែក៏ដោយ ប៉ុន្តែក្រសួង បានណែនាំទៅដល់ម្ចាស់រោងចក្រ កាលពីម្សិលមិញ ឃើញថា បានបើកប្រាក់ខែជូនបងប្អូនយើងហើយ បងប្អូនយើង ត្រឡប់ទៅផ្ទះជាមួយនឹងរថយន្ត ដែលមិនគិតថ្លៃហើយ មានប្រាក់ហោប៉ៅ សម្រាប់ទៅធ្វើបុណ្យធ្វើទានផងដែរ នេះជាការរួមចំណែក មួយដើម្បីធ្វើម៉េច ឲ្យពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាពិធីដែលយើងជួបជុំគ្នា សប្បាយចិត្តទាំងអស់គ្នាបាន។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានឱ្យដឹងថា៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី























