ខេត្តព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើធ្វើក្តារមឈូសមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត នៅជិតដែនជម្រកសត្វព្រៃព្រះរកា ក្នុងស្រុកឆែប ដោយដកហូតឈើ និងផលិតផលឈើមួយចំនួនទុកជាវត្ថុតាង។
មន្ត្រីជំនាញបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា: ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតឈើស្ទៀងចំនួន ២,៨៥០ ម៉ែត្រគូប ក្តារមឈូសធ្វើពីឈើស្ទៀងចំនួន ៧ ឈុត និងគម្របក្តារមឈូសដែលមិនទាន់កែច្នៃចំនួន ១៤ គម្រប។
វត្ថុតាងទាំងនេះត្រូវបានរក្សាទុកបណ្តោះអាសន្ននៅស្នាក់ការដំរីបូត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
សមត្ថកិច្ចខេត្តព្រះវិហារបានបញ្ជាក់ពីការបន្តពង្រឹងវិធានការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយផ្តោតលើការការពារ និងអភិរក្សព្រៃឈើ ព្រមទាំងទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិក្នុងមូលដ្ឋាន។
សមត្ថកិច្ចក៏ត្រៀមកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា មានសិប្បកម្មកែច្នៃឈើសម្រាប់ធ្វើក្តារមឈូស តុ និងទូ ជាច្រើនកន្លែង ដែលពួកគេអះអាងថា មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ប្រភពដដែលបានចោទប្រកាន់ថា ឈើមួយចំនួនត្រូវបានឈ្មួញកាប់យកពីតំបន់ព្រៃព្រះរកា មកកែច្នៃ រួចដឹកជញ្ជូនទៅចែកចាយនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






