ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីគាស់ទ្វារតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ និងលួចយកគ្រឿងអលង្ការដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ ខណៈសម្ភារៈមួយចំនួនត្រូវបានសមត្ថកិច្ចដកហូត និងប្រគល់ជូនម្ចាស់ដើមវិញ។
យោងតាមព័ត៌មានពីសមត្ថកិច្ច ករណីលួចនេះបានកើតឡើងនៅវេលាម៉ោង ២៖៣០នាទីរំលងអធ្រាត្រ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅក្នុងផ្សារចាស់ ស្ថិតក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ជា សាភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅមុខផ្សារឯករាជ្យ៣ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះអាយុ៥០ឆ្នាំ មុខរបរលក់គ្រឿងអលង្ការ ដែលបានរាយការណ៍ពីការបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួន រួមមាន ទូរស័ព្ទដៃម៉ាក iPhone ពណ៌ខៀវមួយគ្រឿង ខ្សែដៃលោហៈធាតុពណ៌លឿងចម្រុះចំនួន១០៥ខ្សែ ខ្សែកលោហៈធាតុពណ៌លឿងចំនួន៧៨ខ្សែ កងដៃលោហៈធាតុពណ៌លឿងចំនួន១២៩កង ខ្សែកលោហៈធាតុពណ៌លឿងមានត្បូងចំនួន៧០ខ្សែ ខ្សែកលោហៈធាតុពណ៌សចំនួន៦ខ្សែ ខ្សែកអង្កាំពណ៌ខៀវចំនួន២ខ្សែ ចិញ្ចៀនចំនួន១៦វង់ និងបន្តោងត្បូងពណ៌សចំនួន៣។
សម្ភារៈដែលដកហូតបាន ត្រូវបានប្រគល់ជូនស្ត្រីរងគ្រោះវិញតាមការស្នើសុំ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





