ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វូងដំរីព្រៃ ៦ក្បាល វាយកម្ទេចតង់ និង ជាន់ស្រ្តីជាម្តាយ និង កូន បណ្តាលឱ្យកូនប្រុសអាយុ១១ឆ្នាំស្លាប់ រីឯ ម្តាយរងរបួសធ្ងន់នៅខេត្តព្រះវិហារ !!

ខេត្តព្រះវិហារ៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈម្តាយរបស់គេអាយុ៤៩ឆ្នាំបានរងរបួសធ្ងន់ បន្ទាប់ពីហ្វូងដំរីព្រៃប្រមាណ ៦ក្បាលបានចូលវាយកម្ទេចតង់ និង ជាន់មនុស្សដែលកំពុងដេកលង់លក់នៅកណ្តាលយប់ ខណៈពួកគេទៅបោះតង់រកត្រីនៅស្រុកគូលែន ខេត្តព្រះវិហារ។

យោងតាមសមត្ថកិច្ចខេត្តព្រះវិហារ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨និង១០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចកញ្ចាំង ស្ថិតក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ មុំ សុខហេង ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្សសាលា មានទីលំនៅក្នុងភូមិដំណាក់កន្ទួត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ចំណែកឯ ម្តាយរបស់ក្មេងប្រុសរូបនេះ ឈ្មោះ ធិន ជិត អាយុ៤៩ឆ្នាំ បានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ។

តាមការបំភ្លឺរបស់បុរសម្នាក់ឈ្មោះ មុត មូល អាយុ៤០ឆ្នាំ ដែលបានទៅរកត្រី និងសម្រាកនៅទីតាំងកើតហេតុជាមួយក្រុមជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨និង១៥នាទីយប់ ខណៈពួកគេកំពុងដេកលក់ ស្រាប់តែឮសំឡេងដំរីព្រៃប្រមាណ ពី៥ ទៅ ៦ក្បាលចូលមកវាយតង់កៅស៊ូដែលពួកគេប្រើប្រាស់ជាជម្រកស្នាក់នៅ។

ក្រោយមក គាត់បានឮសំឡេងស្ត្រីរងគ្រោះស្រែកហៅឱ្យជួយ ” ជួយផង !ជួយផង !”

នៅពេលក្រោកឡើងមើល គាត់បានឃើញស្ត្រីជាម្តាយ និងកូនប្រុសរបស់គាត់រងរបួសធ្ងន់ ខណៈគាត់ កូនរបស់គាត់ និងបុរសដែលជាប្តីរបស់ស្ត្រីរងគ្រោះ មិនបានរងរបួសឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ រួមទាំងអ្នកភូមិដែលទៅរកត្រីជាមួយគ្នា សរុបចំនួន៥នាក់ បានបោះតង់កៅស៊ូស្នាក់នៅក្នុងតំបន់នោះ។

ខណៈកំពុងសម្រាក ហ្វូងដំរីព្រៃបានចូលវាយកម្ទេចតង់ និងជាន់មនុស្សដែលកំពុងដេកនៅខាងក្រោម បណ្តាលឱ្យម្តាយនិងកូនរងរបួសធ្ងន់។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរត្រូវបានអ្នកនៅទីនោះប្រញាប់ប្រញាល់ដឹកបញ្ជូនទៅសង្គ្រោះ។ ទោះជាយ៉ាងណា ក្មេងប្រុសអាយុ១១ឆ្នាំបានស្លាប់នៅតាមផ្លូវ ខណៈម្តាយត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពតាកឹង មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យ១៦ មករា ខេត្តព្រះវិហារ ដើម្បីព្យាបាលរបួសធ្ងន់។

បច្ចុប្បន្ននេះ សពរបស់ក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍នេះ គឺ ជាការរំឭកដល់ប្រជាពលរដ្ឋដែលចូលទៅស្នាក់នៅ ឬរកត្រីក្នុងតំបន់ព្រៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្តមានសត្វព្រៃ ជាពិសេសដំរីព្រៃ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតដោយមិននឹកស្មានដល់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម