ភ្នំពេញ៖ ក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានរួមគ្នាបើក «ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ២០២៦» (VIDEX CAMBODIA 2026) រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ពិធីបើកត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក តាន់ ថាណា (Tan Thanna) រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា ចំណែកភាគីវៀតណាម តំណាងលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក (Nguyen Quang Ngoc )អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា-វៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នកម្ពុជា និងវៀតណាមជាច្រើនរូបទៀត។
ពិព័រណ៍នេះបានប្រមូលផ្តុំស្ថាប័ន និងសហគ្រាសវៀតណាមចំនួន១៥០ មកពីទាំងវិស័យការពារជាតិ និងវិស័យស៊ីវិល។ ក្រុមធុរកិច្ចវិស័យការពារជាតិ រួមមានស្ថាប័ន និងសហគ្រាសចំនួន២៥ ដែលមានស្តង់ចំនួន៥៩ រួមមានសហគ្រាសចំនួន៩ ចំណុះអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងចំនួន៦ ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស ព្រមទាំងអាជីវកម្មដែលពាក់ព័ន្ធនឹងយោធភូមិភាគទី៥, ៧ និង៩ ក្រុមហ៊ុន Viettel Group ធនាគារ MB Bank កងពលធំ (Corps) ទី១៥, ១៦ និង២០ និងមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី។
ក្រៅពីវិស័យការពារជាតិ សហគ្រាស និងស្ថាប័នចំនួន៩៨ បានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងស្តង់ចំនួន១៤៣។ ដោយមានកិច្ចសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា គណៈកម្មាធិការរៀបចំបានអញ្ជើញសហគ្រាសកម្ពុជាចំនួន២៧ (រួមទាំងសហគ្រាសរបស់កងយោធពលខេមរភូមិន្ទ) ដើម្បីតាំងបង្ហាញផ្សព្វផ្សាយ និងលក់ផលិតផលរបស់ខ្លួននៅក្នុងស្តង់ចំនួន៣៩។
បើតាមលោកឧត្តមសេនីយ៍ឯក តាន់ ថាណា បានឱ្យដឹងថា ពិធីបើកសម្ពោធព្រឹត្តិការណ៍ពិព័រណ៍ការតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ គឺជាលទ្ធផលមួយនៃការអនុវត្តផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើកិច្ចសហប្រតិបត្តិការវិនិយោគសេដ្ឋកិច្ចការពារជាតិ និងការជួយគ្នាទៅវិញទៅមក។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបន្តថា មួយវិញទៀត គឺជាការចូលរួមអបអរសាទរលទ្ធផលជាផ្លែផ្កានៃការរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឡេ មិញហឹង នាយករដ្ឋមន្ត្រីវៀតណាម។ ការរៀបចំសម្ពោធពិព័រណ៍នេះគឺជាព្រឹត្តិការណ៍សេដ្ឋកិច្ចដ៏សំខាន់មួយ ដែលបានរៀបចំឡើងជាបន្តបន្ទាប់នៅកម្ពុជា ក្នុងគោលបំណងជំរុញតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្រសួង ស្ថាប័ន ក្រុមអ្នកសេដ្ឋកិច្ច និងតំណាងអ្នកវិនិយោគពាណិជ្ជកម្មធុរជន មកពីប្រទេសវៀតណាម និងកម្ពុជា ដើម្បីស្វែងរកកាលានុវត្តភាពធុរកិច្ចថ្មីៗ និងពង្រីកបណ្តាញវិនិយោគរួមគ្នារវាងវិស័យឯកជនប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯក តាន់ ថាណា បានបង្ហាញជំនឿថា ការតាំងពិព័រណ៍នេះក៏ជាឱកាសដ៏សំខាន់សម្រាប់ធុរជនកម្ពុជា និងវៀតណាម ជួបពិភាក្សាផ្គូរផ្គងដៃគូពាណិជ្ជកម្ម លើវិស័យដែលនៅមានសក្តានុពលជាច្រើនផងដែរ។ ជាមួយគ្នានេះ តាមរយៈការរៀបចំពិព័រណ៍នេះនឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ ក៏ដូចជាជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងរដ្ឋាភិបាល កងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
ដោយឡែកលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក បានលើកឡើងថា ពិព័រណ៍ជំរុញតភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម ត្រូវបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះគឺជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់មួយដែលរួមចំណែកដល់ការជំរុញពាណិជ្ជកម្ម បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគសម្រាប់សហគ្រាសអាជីវកម្ម តាមរយៈសកម្មភាពនយោបាយ វប្បធម៌ និងសង្គម ខណៈពេលដែលពង្រឹងការយោគយល់គ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ព ប្រជាជន និងអាជីវកម្មនៃប្រទេសនីមួយៗ។
លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានបន្តថា ពិព័រណ៍នេះបានធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងសហការដើម្បីត្រៀមរៀបចំបណ្តាសកម្មភាព ក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០២៧ ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧-ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៧) ដែលត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំជាមួយនឹងទំហំ១០,០០០ម៉ែត្រការ៉េ ដែលដាក់តាំងបង្ហាញរូបភាពរបស់ថ្នាក់ដឹកនាំប្រទេស ក្រសួងការពារជាតិ ផលិតផលរបស់អាជីវកម្មជិត១៥០ និងជាកន្លែងសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងម្ហូបអាហាររវាងប្រទេសទាំងពីរ។
លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ក្វាង ង៉ុក បានគូសបញ្ជាក់ថា ពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកដល់ការលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរមិត្តភាព បន្តថែរក្សាចំណងទំនាក់ទំនងសាមគ្គីភាពដ៏ស្អិតរមួតជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋ និងប្រជាជនវៀតណាម-កម្ពុជា ប្រកបដោយការអភិវឌ្ឍដល់កម្រិតប្រសើរឡើង នាំមកនូវឱកាសថ្មីៗសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ ក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ធ្វើពាណិជ្ជកម្ម លើកកម្ពស់ការបណ្តាក់ទុនរួមគ្នា ការតភ្ជាប់ផ្ទេរ និងអនុវត្តវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕
ពិព័រណ៍នេះមានស្តង់ស្តង់ដារចំនួន ២៤១ ដែលដំណើរការដោយអ្នកចូលរួមមកពីប្រទេសវៀតណាម ដោយគ្របដណ្តប់លើវិស័យឧស្សាហកម្មការពារជាតិ និងវិស័យស៊ីវិល។ ក្នុងចំណោមនោះ អង្គភាព និងសហគ្រាសចំនួន ២៥ នៃវិស័យការពារជាតិកាន់កាប់ស្តង់ចំនួន ៥៩ ខណៈដែលអង្គភាព និងសហគ្រាសចំនួន ៩៨ នៃវិស័យស៊ីវិលកាន់កាប់ស្តង់ចំនួន ១៤៣។ ទន្ទឹមនឹងនេះ អាជីវកម្មរបស់កម្ពុជាក៏កំពុងដាក់តាំងបង្ហាញផលិតផលរបស់ខ្លួននៅក្នុងស្តង់ចំនួន ៣៩ ផងដែរ។
អ្នកចូលរួមមកពីវិស័យការពារជាតិរបស់វៀតណាម រួមមានសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងអគ្គនាយកដ្ឋានភស្តុភារ និងសេវាកម្មបច្ចេកទេស ព្រមទាំងអាជីវកម្មដែលពាក់ព័ន្ធនឹងយោធភូមិភាគទី ៥ ទី ៧ និងទី ៩ ក្រុមហ៊ុន Viettel Group ធនាគារ MB Bank កងពលធំទី ១៥ ទី ១៦ និងទី ២០ និងមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី។
ម៉ាកយីហោធំៗរបស់វៀតណាមដែលចូលរួមក្នុងពិព័រណ៍នេះរួមមាន Vissan, My Hao, Melatec និង Sacombank។ ផលិតផលដែលដាក់តាំងបង្ហាញមានភាពចម្រុះនៅក្នុងវិស័យជាច្រើន រួមមាន សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ក្នុងផ្ទះ វិស្វកម្មមេកានិច ការផលិតគ្រឿងចក្រ ទូរគមនាគមន៍ សុខាភិបាល ធនាគារ ភស្តុភារកម្ម និងការកែច្នៃផលិតផលកសិ-រុក្ខកម្ម ព្រមទាំងទំនិញប្រើប្រាស់ប្រចាំថ្ងៃ។
ពិព័រណ៍នេះមានគោលបំណងជួយសម្រួលដល់អាជីវកម្មមកពីប្រទេសទាំងពីរ ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងដៃគូសក្តានុពល តាមរយៈការជួបផ្ទាល់នៅទីតាំងពិព័រណ៍ និងតាមរយៈវេទិកាឌីជីថល។
VIDEX Cambodia 2026 ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល និងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងសហគ្រាសវៀតណាម និងកម្ពុជា។
ព្រឹត្តិការណ៍នេះក៏មានគោលបំណងពង្រឹងការផ្លាស់ប្តូររវាងប្រជាជន និងវប្បធម៌ ព្រមទាំងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ។ រក្សាសិទ្ធិដោយ៖សុទ្ធលី

























