ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពប្រជាជន ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះជាបន្តបន្ទាប់ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៧ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥។ ថវិកាឆ្នាំ២០២៧ ត្រូវបានប្រសិទ្ធនាមថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងគាំពារកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»។

សម្រាប់ឆ្នាំ២០២៧ ចំណូលថវិកាថ្នាក់ជាតិត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល ត្រូវជា ១៣,៤៩% នៃផ.ស.ស. ឬកើនឡើងចំនួន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ចំណូលថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ២ ៨១៩ប៊ីលានរៀល មានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបរបស់ថវិការដ្ឋត្រូវជា ១,១៨% នៃផ.ស.ស.។ តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងអត្រា ប្រមាណ ៤,០% ក្នុងឆ្នាំ២០២៦ និង ៤,៨% ក្នុងឆ្នាំ២០២៧ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ៣ ២៧៧ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ៣ ០៩៨ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៦។ កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៧ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យ ឧស្សាហកម្ម (អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ ផលិតកម្មម្ហូបអាហារនិងភេសជ្ជៈ និងថ្នាំជក់) ២. វិស័យសេវាកម្ម (អនុវិស័យបដិសណ្ឋារកិច្ចនិងសេវាកម្មម្ហូបអាហារ លក់ដុំ-រាយ ដឹកជញ្ជូននិងស្តុក និងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍) និង ៣. វិស័យកសិកម្ម (អនុវិស័យដំណាំ ចិញ្ចឹមសត្វ និងនេសាទ)។ ទន្ទឹមនេះ ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ មានទិសដៅជាយុទ្ធសាស្រ្តកំណត់ចំណាយសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៩ ៧០០ប៊ីលានរៀល ត្រូវជា ១៦,៥៧% នៃផ.ស.ស. ឬកើនចំនួន ៣,២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ រីឯចំណាយថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងចំនួន ៥ ០៦៨ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១១,៩% នៃចំណាយសរុបថវិការដ្ឋត្រូវជា ២,១២% នៃផ.ស.ស.។

គួរកត់សម្គាល់ថា ទំហំថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិខាងលើនេះ នៅមិនទាន់គិតបញ្ចូលនូវកញ្ចប់ថវិកា របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ដែលជាការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងកញ្ចប់ថវិកានៃការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌក្នុងវិស័យអប់រំ រួមមាន ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ និងមុខងារចំនួន៣ផ្សេងទៀត រួមមាន មុខងារគ្រប់គ្រងការអប់រំកុមារតូច មុខងារគ្រប់គ្រងការអប់រំបឋមសិក្សា និងមុខងារគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធទៅឱ្យគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ទូទាំងប្រទេស។ ដូចនេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកា បើគិតបញ្ចូលទាំងកញ្ចប់ថវិកានៃការប្រគល់មុខងារមានភ្ជាប់លក្ខខណ្ឌនេះ ដែលត្រូវផ្ទេរជូនភ្លាមបន្ទាប់ពីច្បាប់ហិរញ្ញវត្ថុត្រូវបានអនុម័តកញ្ចប់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមានទំហំសរុបចំនួន ៧ ៩៥៥ប៊ីលានរៀល មានសមាមាត្រស្មើនឹង ១៨,៧% នៃចំណាយសរុបថវិការដ្ឋត្រូវជា ៣,៣២% នៃផ.ស.ស.៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម