ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ចំនួន២ទីតាំងជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ និងរឹបអូសគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ចំនួន៦១ថង់ ថ្នាំញៀនប្រភេទ MDMA ចំនួន៤៦គ្រាប់ និង មេតំហ្វេតាមីនប្រភេទម៉ាទឹកកក (ICE) ចំនួន២ថង់។
ប្រតិបត្តិការនេះ បាន ធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: នៅក្នុងប្រតិបត្តិការលើកដំបូង សមត្ថកិច្ចបានចុះបង្ក្រាបនៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន ឈ្មោះ ភួន សុផាណេត ហៅ តូ ឬ ប៊ូ អាយុ១៧ឆ្នាំ និងឈ្មោះ ឆុំ វណ្ណា ហៅ ស្នា អាយុ១៧ឆ្នាំ។
អ្នកទាំងពីរមានទីលំនៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាគ្រឿងញៀន និងនសម្ភារពាក់ព័ន្ធមួយចំនួន រួមមាន ថ្នាំញៀនប្រភេទកេតាមីនចំនួន៣៨ថង់ ទម្ងន់២០៥,៧០ក្រាម, MDMA ចំនួន៣០គ្រាប់ ទម្ងន់១៤,៥០ក្រាម និងមេតំហ្វេតាមីនប្រភេទម៉ាទឹកកកចំនួន២ថង់ ទម្ងន់១៦,៥៩ក្រាម។
វត្ថុតាងផ្សេងទៀតដែលត្រូវបានរឹបអូសរួមមាន ទូរស័ព្ទដៃ២គ្រឿង នាឡិកាដៃ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូម៉ាក Honda Scoopy ពណ៌ស បិទស្កុតពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1AN-6184 ចំនួន១គ្រឿង។
ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់ និងទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត នៅវេលាម៉ោង១០យប់ថ្ងៃដដែល នៅចំណុចភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ជនសង្ស័យ៣នាក់ដែលត្រូវបានឃាត់ខ្លួនបន្ថែមរួមមាន ឈ្មោះ ម៉ៅ ភារៈ អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ, ឈ្មោះ វុន សាវុត ហៅ ស្លា អាយុ១៧ឆ្នាំ និងឈ្មោះ ព្រឹក កក្កដា ហៅ រ៉ាអ៊ូ អាយុ២០ឆ្នាំ ដែលមានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
នៅក្នុងប្រតិបត្តិការលើកទី២នេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀនប្រភេទកេតាមីនចំនួន២៣ថង់ ទម្ងន់៩,៩០ក្រាម និង MDMA ចំនួន១៦គ្រាប់ ទម្ងន់៧,៧៣ក្រាម ព្រមទាំងទូរស័ព្ទដៃ៣គ្រឿង នាឡិកាដៃ១គ្រឿង និងម៉ូតូម៉ាក Honda Scoopy ពណ៌ស-ផ្កាឈូក ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខបាត់ដំបង 1AP-4784 ចំនួន១គ្រឿង។
យោងតាមសមត្ថកិច្ច គ្រឿងញៀនដែលរឹបអូសបានពីប្រតិបត្តិការទាំងពីរលើក មានសរុប: កេតាមីនចំនួន៦១ថង់ ទម្ងន់២១៥,៦០ក្រាម, MDMA ចំនួន៤៦គ្រាប់ ទម្ងន់២២,២៣ក្រាម និងមេតំហ្វេតាមីនប្រភេទម៉ាទឹកកកចំនួន២ថង់ ទម្ងន់១៦,៥៩ក្រាម។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN





