ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងទំនើង ៩នាក់ត្រូវបានឃាត់ខ្លួន ក្រោយដេញកាប់ប្លន់ម៉ូតូ និងគប់គ្រាប់បែក បណ្តាលឱ្យ បុរសម្នាក់រងរបួសនៅប៉ោយប៉ែត!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ៩នាក់ ពាក់ព័ន្ធករណីជិះម៉ូតូដេញកាប់ប្លន់យកម៉ូតូប្រជាពលរដ្ឋ និងគប់គ្រាប់បែកបណ្តាលឱ្យអ្នកសង្គ្រោះបឋមម្នាក់រងរបួស នៅក្រុងប៉ោយប៉ែត ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកបន្តថា ក្រុមក្មេងទំនើងជាង ១០នាក់ ជិះម៉ូតូ ៧គ្រឿង និងមានកាំបិតដាវស្ទើរគ្រប់ដៃ បានដេញកាប់ជនរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវ ក្នុងបំណងប្លន់យកម៉ូតូ។

ដោយភ័យខ្លាច ជនរងគ្រោះបានផ្តួលម៉ូតូចោល និងស្រែកហៅឱ្យអ្នកដទៃជួយ ប៉ុន្តែក្រុមជនសង្ស័យបានកាប់បំផ្លាញម៉ូតូបណ្តាលឱ្យខូចខាត។

លោកបានបញ្ជាក់ថា ក្រោយកើតហេតុ លោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន ៩នាក់ គិតត្រឹមរសៀលថ្ងៃទី១៦ ខែតុលា។

ឥឡូវនេះ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ចាស់ម៉ូតូ និងជនរងគ្រោះដែលរងរបួសដោយសារគ្រាប់បែក ហើយកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនអ្នកពាក់ព័ន្ធដែលនៅសេសសល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងទប់ស្កាត់សកម្មភាពហិង្សាដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម