ទីក្រុងញូវយ៉ក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក នៅ សុខសំណាង លេខាធិការទី១ នៃស្ថានបេសកកម្មកម្ពុជា បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធនុយក្លេអ៊ែរ” របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ កម្ពុជាបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះបញ្ជាក់ជាថ្មីនូវតួនាទីស្នូលរបស់សន្ធិសញ្ញាមិនសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលជាសសរស្តម្ភនៃកិច្ចខិតខំប្រឹងប្រែងសកលក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរក្នុងន័យសន្តិវិធី។ ទន្ទឹមនេះ កម្ពុជាវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចំពោះការលើកកម្ពស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដល់ប្រទេសកំពុងអភិវឌ្ឍន៍។រក្សាសិទ្ធដោយ៖សុទ្ធលី







