ភ្នំពេញ៖ប្រជាពលរដ្ឋជាជនជាតិខ្មែរ និងអាណិកជនវៀតណាម រស់នៅខណ្ឌព្រែកព្នៅ ប្រមាណជាង២៣០០នាក់ទទួលបានការពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កម្ពុជា-វៀតណាម ជាមួយនិងការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាផងដែរ ក្រោយពីពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យជូនរួច។
ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចូលរួមក្នុងកម្មវិធី “រួមគ្នាដើម្បីសុខភាពសហគមន៍កម្ពុជា-វៀតណាម” ពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃជូនជនជាតិខ្មែរ និងអាណិកជនវៀតណាមនៅខណ្ឌព្រែកព្នៅ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦នេះ បានវាយតំលៃខ្ពស់ចំពោះសកម្មភាពនៃការពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃ នាពេលនេះ ហើយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានឹងបន្តការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីមនុស្សធម៌នេះ។
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៌ថា៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថែរក្សានូវ សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះ ដ៏សំខាន់នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល ដែលជាវិស័យអាទិភាព បានជួយលើកកម្ពស់សុខភាពសាធារណៈនៅ តាមមូលដ្ឋាន។
លោបន្តថា៖ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាលឱ្យមានគុណភាព ការកែលម្អអនាម័យ បរិស្ថានក្នុងទីក្រុង ការលើក កម្ពស់សុវត្ថិភាពចំណីអាហារ ការចូលរួមទប់ស្កាត់ ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ ការពង្រឹងការ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈឱ្យបានល្អតាមរយៈ យន្តការច្រកចេញចូលតែមួយ ទាំងនៅថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់។ ជាក់ស្តែងកម្មវិធីចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងថ្ងៃនេះ គឺជាសក្ខីភាព បញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងជាយន្តការជួយ សម្រួលដល់ការទទួលសេវាដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈការផ្សារភ្ជាប់មនោសញ្ចេតនា រវាងក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ជាមួយនឹងបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល ក្នុងន័យដឹងសុខ ដឹងទុក្ខ ស្គាល់ការលំបាក និងការចេះជួយគ្នាទៅវិញទៅមក។ ក្នុងរយៈពេញ០១ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអ្នកជំងឺក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ក៏ដូចជាអាណិកជនវៀតណាម នឹងទទួលបាននូវសេវាពិនិត្យ និង ព្យាបាលជំងឺ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យ ដែលប្រកបដោយសីលធម៌ វិជ្ជាជីវៈ និងមាន ជំនាញ ឯកទេសត្រឹមត្រូវ ទៅតាមប្រភេទជំងឺ ដូចជាជំងឺមាត់-ធ្មេញ,ជំងឺភ្នែក-ត្រចៀក-ច្រមុះ-បំពងក – ជំងឺរោគស្ត្រី និងជំងឺទូទៅផងដែរ។ បន្ទាប់ពីទទួលបានការពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ នៅថ្ងៃនេះ នឹងជួយសម្រួលកាត់បន្ថយជំងឺ សំរាលបន្ទុកជីវភាព ដល់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរ។
បើតាមលោក ឧកញ៉ា ឡេង រិទ្ធី ប្រធាន VCBA (សមាគមមិត្តភាពវៀតណាម-កម្ពុជា) បានឱ្យដឹងថា៖ ជាគម្រោងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យ ដោយឥតគិតថ្លៃជូនជនជាតិខ្មែរ និងអាណិកជនវៀតណាមនៅខណ្ឌព្រែកព្នៅនេះ ប្រមាណជាង២៣០០នាក់ ជាមួយនិងការផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាផងដែរ ក្រោយពិនិត្យជំងឺ និងផ្តល់ថ្នាំពេទ្យជូនរួច៕រក្សាសិទ្ធដោយ៖សុទ្ធលី























