នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីអាស្ដាណា សាធារណរដ្ឋកាហ្សាក់ស្ថាន ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាពេលនេះ។ ក្នុងឱកាសនោះ, ក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មស្នូលរបស់ក្រុមហ៊ុនក្នុងវិស័យអាកាសចរណ៍ និងការផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ ព្រមទាំងបានគោរពជម្រាបជូនអំពីការដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ទីក្រុងព្រះសីហនុ ដែលធ្លាប់បានដំណើរការ មុននឹងផ្អាកសកម្មភាពនេះ កាលពីឆ្នាំ២០២៤។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុនមានបំណងរៀបចំផ្តល់សេវាដឹកជញ្ជូននេះឡើងវិញ ក៏ដូចជាស្វែងរកដំណោះស្រាយ, ការជួយគាំទ្រ និងការទំនុកបម្រុងពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសកម្មភាពអាជីវកម្មនេះអាចដំណើរការឡើងវិញដោយរលូន ព្រមទាំងទទួលបានប្រាក់ចំណេញសមរម្យ។
ជាការឆ្លើយតប, សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមនេះ និងបានណែនាំឱ្យក្រុមហ៊ុនពិភាក្សាដោយផ្ទាល់ជាមួយក្រសួងទេសចរណ៍កម្ពុជា ដែលរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានវត្តមាននៅក្នុងជំនួបនេះផងដែរ។ សម្ដេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា និងកំណត់ប្រភេទផលិតផលទេសចរណ៍ជាកញ្ចប់ (packaged tourist products) ណាមួយ ដែលល្អ មានការទាក់ទាញ និងភាពប្រកួតប្រជែង ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាវិជ្ជមានជាមួយក្រសួងទេសចរណ៍។ សម្ដេចធិបតីបានគូសរំលេចថា កម្ពុជាមានសក្ដានុពលទេសចរណ៍ច្រើនប្រភេទ និងច្រើនទម្រង់ ដូចជាអេកូទេសចរណ៍, ទេសចរណ៍បែបឆ្នេរសមុទ្រ, វប្បធម៌ ប្រពៃណី និងប្រាសាទបុរាណ ជាដើម។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលតែងតែផ្តល់ការគាំទ្រពេញលេញដល់គ្រប់តួអង្គ និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍។
មុននឹងបញ្ចប់, សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនកំណត់ប្រភេទផលិតផលទេសចរណ៍ឱ្យបានច្បាស់លាស់ និងបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយផែនការនេះ ឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យនៃអាជីវកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី













