ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយប្រទេសកម្ពុជា និងថៃ

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៦ គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ បានរៀបចំកិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត ដែលមានគោលបំណងជំរុញទំនុកចិត្ត និងភាពជឿជាក់ទៅវិញទៅមក និងសម្រួលដល់ដំណោះស្រាយដោយ សមហេតុផល និងដោយមិត្តភាព ស្របតាមច្បាប់អន្តរជាតិ។

គណៈកម្មការផ្សះផ្សា បានលើកទឹកចិត្តភាគីទាំងពីរឱ្យអនុវត្តវិធានការទាំងនេះឱ្យបានពេញលេញ និង មានប្រសិទ្ធភាព ដែលមានសារៈសំខាន់សម្រាប់ការជំរុញដំណើរការផ្សះផ្សា។ ក្នុងចំណោមវិធានការដែល បានឯកភាពគ្នា ភាគីទាំងពីរទទួលស្គាល់ថាពួកគេមានសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិ ស្របច្បាប់របស់ខ្លួន ឬដើម្បីកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។

លើសពីនេះ គណៈកម្មការផ្សះផ្សា បានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការនានាដែលកម្ពុជា និងថៃបានឯកភាពពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ។ គណៈកម្មការ បានលើកទឹកចិត្ត ភាគីទាំងពីរឱ្យអនុវត្តកិច្ចព្រមព្រៀង និងវិធានការដែលមានស្រាប់ ដើម្បីជួយបង្កើតបរិយាកាសអំណោយផល ដល់ការចរចាប្រកបដោយការស្ថាបនា ក្នុងក្របខណ្ឌនៃដំណើរការផ្សះផ្សា។

គណៈកម្មការផ្សះផ្សានឹងរៀបចំកិច្ចប្រជុំលើកទី៣ របស់ខ្លួនជាមួយភាគីទាំងពីរ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

គណៈប្រតិភូកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការផ្សះផ្សា និង តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគាត់ ក្នុងការសម្រួលការ ពិភាក្សាប្រកបដោយការស្ថាបនារវាងភាគីទាំងពីរ និងជួយភាគីទាំងពីរឱ្យឈានដល់ការឯកភាពគ្នាលើវិធានការ កសាងទំនុកចិត្តទាំងនេះ។

គណៈកម្មការផ្សះផ្សា នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើក ទី២នេះ នៅក្នុងពេលវេលាសមស្រប។រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម