ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ តុលា បានសម្រេច ឃុំខ្លួន លោក ម៉ក់ សុភ័ក្ដ្រា អគ្គនាយករង នៃ ក្រសួងរ៉ែ និងថាមពល នៅក្នុង ពន្ធនាគារព្រៃស
ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណីបើករថយន្តដេញតាម និងបាញ់ប្រហាររថយន្តមួយគ្រឿងទៀត បណ្ដាលឱ្យកូនប្រុសបង្កើតរបស់ខ្លួនរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅចំណុចវាលស្រែ ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោកឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ របស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹង: នៅក្នុង សំណុំរឿងនេះ ជនត្រូវចោទ ត្រូវ បាន តំណាងអយ្យការ ចោទប្រកាន់ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឱ្យដឹងថា ករណីនេះត្រូវបានសង្ស័យថា មានដើមចមពីជម្លោះប្រច័ណ្ឌក្នុងគ្រួសារ គឺ ជនសង្ស័យប្រច័ណ្ឌនឹង ប្រពន្ធ មានទំនាក់ទំនង ស្នេហា លួចលាក់ជាមួយ បុរសម្នាក់ តែ គាត់តាមទាន់??
យោងតាមសាក្សី នៅយប់កើតហេតុនោះ, លោក ម៉ក់ សុភ័ក្ដ្រា បានបើករថយន្ត Ford Ranger ពណ៌ស ពាក់ស្លាកលេខរដ្ឋ 16-2-1969 ដេញតាម និងបុករថយន្ត Toyota Prius ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-5381 ដែលត្រូវបានសង្ស័យថា ជារថយន្តប្រពន្ធរបស់លោកកំពុងធ្វើដំណើរ។
ប្រភពដដែលបានឱ្យដឹងថា រថយន្តទាំងពីរបានបន្តដំណើររហូតដល់ផ្លូវទាល់មួយកន្លែងដែលមានសភាពស្ងាត់ ហើយភាគីពាក់ព័ន្ធបានឈប់រថយន្ត និងមានការឈ្លោះប្រកែកគ្នា។
ក្នុងអំឡុងពេលនោះ មានការផ្ទុះអាវុធជាច្រើនគ្រាប់ ដោយគ្រាប់កាំភ្លើងមួយគ្រាប់បានត្រូវចំតំបន់ពោះកូនប្រុសបង្កើតរបស់លោក ម៉ក់ សុភ័ក្ដ្រា បណ្ដាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ហេតុការណ៍នេះអាចពាក់ព័ន្ធនឹងការសង្ស័យថា ប្រពន្ធរបស់លោកធ្វើដំណើរជាមួយបុរសផ្សេង។
ទោះជាយ៉ាងណា នៅពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ មិនបានឃើញប្រពន្ធរបស់លោក ឬបុរសដែលត្រូវបានសង្ស័យថារួមដំណើរជាមួយនោះឡើយ។
ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌព្រែកព្នៅបានចុះអន្តរាគមន៍ និងឃាត់ខ្លួនលោក ម៉ក់ សុភ័ក្ដ្រា ភ្លាមៗ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
តាមប្រភពព័ត៌មាន លោក សុភ័ក្ត្រាត្រូវ បានសង្ស័យពាក់ព័ន្ធនឹងបទប៉ុនប៉ងមនុស្សឃាត បង្ករបួសស្នាម និង ការប្រើប្រាស់អាវុធខុសច្បាប់។
ទាក់ទងនឹង ករណីខាងលើនេះ, ជនសង្ស័យ និង ក្រុមគ្រួសាររបស់លោក មិនទាន់ អាចទាក់ទង ដើម្បីសុំការបំភ្លឺ បានឡើយ នៅពេលដែលយើង បានផ្សព្វផ្សាយតំណឹងនេះ៕
រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN៕








