ខេត្តកណ្តាល៖ ទណ្ឌិតចំនួន ១៨២នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកណ្តាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៥ ក្នុងរាជធានីភ្នំពេញ ដើម្បីទទួលការអប់រំ និងស្តារនីតិសម្បទា។
ការផ្ទេរនេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធនាគារ ដោយមានការសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តកណ្តាល និងរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការអនុញ្ញាតជាគោលការណ៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រតិបត្តិការដឹកបញ្ជូននេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ដោយធានាបាននូវសុវត្ថិភាពក្នុងពេលដឹកបញ្ជូន។
មន្រ្តីពន្ធនាគារបានឱ្យដឹងថា ដំបូងឡើយ អាជ្ញាធរមានផែនការផ្ទេរទណ្ឌិតចំនួន ២០០នាក់ ប៉ុន្តែការផ្ទេរជាក់ស្តែងសម្រេចបានចំនួន ១៨២នាក់ ខណៈទណ្ឌិតចំនួន ១៨នាក់ផ្សេងទៀត មិនទាន់អាចផ្ទេរបាន ដោយសារកំពុងស្ថិតក្នុងដំណើរការនីតិវិធីបន្តនៅសាលាឧទ្ធរណ៍។
មណ្ឌលអប់រំកែប្រែទី៥ មានទីតាំងស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






