ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការលើកឡើងក្នុងវីដេអូបង្ហោះផ្សព្វផ្សាយក្នុងហ្វេសប៊ុក របស់ម្ចាស់គណនី Dara Vong គឺធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើការចោទប្រកាន់មូលបង្កាច់ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរលើកិត្តិយសនៃវិស័យយុត្តិធម៌ ទាក់ទងនឹងភាពមិនប្រក្រតី ឬអំពើពុករលួយ ក្នុងការប្រឡងប្រជែង ជ្រើសរើសមន្ត្រីក្នុងវិស័យយុត្តិធម៌

អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
បានចេញសេចក្តីបំភ្លឺជុំវិញការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Dara Vong។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះ ម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ Dara Vong បានបង្ហោះផ្សព្វផ្សាយវីដេអូ ដែលបានធ្វើការចោទប្រកាន់មូលបង្កាច់ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរលើកិត្តិយសនៃវិស័យយុត្តិធម៌ ទាក់ទងនឹងភាពមិនប្រក្រតី ឬអំពើពុករលួយ ក្នុងការប្រឡងប្រជែង ជ្រើសរើសមន្ត្រីក្នុងវិស័យយុត្តិធម៌ ក៏ដូចជាការរត់ការមុខតំណែងមន្ត្រីនានាក្នុងវិស័យយុត្តិធម៌ ដោយផ្អែក លើព័ត៌មានមិនច្បាស់លាស់ និងមិនបានបង្ហាញភស្តុតាងជាក់លាក់ដើម្បីគាំទ្រការចោទប្រកាន់ទាំងនេះទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមធ្វើការបដិសេធ និងសូមបញ្ជាក់ជូនសាធារណជន ដូចខាងក្រោម៖

ទី១. ការទទួល និងពិនិត្យព័ត៌មានអំពីភាពមិនប្រក្រតីនៅតុលាការ៖ ក្រសួងយុត្តិធម៌ តែងតែស្វាគមន៍ការផ្តល់ព័ត៌មាន និងការដាក់ពាក្យបណ្ដឹងអំពីភាពមិនប្រក្រតី ពាក់ព័ន្ធនឹងចំណាត់ការសំណុំរឿងនៅតុលាការ ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយតាមសមត្ថកិច្ច ដោយអនុលោមតាមច្បាប់ និងនីតិវិធីជាធរមាន។

ក្នុងក្របខ័ណ្ឌនៃការកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួង យុត្តិធម៌បានដាក់ចេញយុទ្ធនាការទទួលពាក្យបណ្តឹង ដើម្បីពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាម តុលាការ ព្រមទាំងបានបង្កើតគណៈកម្មការពិសេសសម្រាប់អនុវត្តការងារនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានការសោកស្តាយ ដែលព័ត៌មានអំពីភាពមិនប្រក្រតីជាយថាហេតុ ណាមួយ មិនត្រូវបានរាយការណ៍មកកាន់យន្តការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីអាច ធ្វើការស្រាវជ្រាវឱ្យបានសមស្របតាមនីតិវិធីជាធរមាន។

ចំពោះការតវ៉ាពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក Dara Vong, ក្រសួងយុត្តិធម៌ស្នើឱ្យលោកផ្តល់ ព័ត៌មានលម្អិត និងភស្តុតាងដែលលោកមាន ដើម្បីឱ្យការពិនិត្យអាចផ្តោតលើអង្គហេតុ និងសកម្មភាព ដែលត្រូវបានចោទថាមានភាពមិនប្រក្រតី។ ការតវ៉ាអំពីសំណុំរឿងជាក់លាក់ ត្រូវពិនិត្យតាមអង្គហេតុ អង្គច្បាប់ និងភស្តុតាងនៃករណីនីមួយៗ។

ទី២. ការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្នុងវិស័យយុត្តិធម៌៖ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់វិស័យ យុត្តិធម៌របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់សមត្ថភាព មន្ត្រីក្នុងវិស័យនេះ, ការប្រឡងប្រជែងជ្រើសរើស មន្ត្រីក្នុងវិស័យយុត្តិធម៌ ត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដើម្បីធានាថា បេក្ខជនដែលមានសមត្ថភាព និងគុណវុឌ្ឍពិតប្រាកដ និងលើសគេត្រូវបាន ជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងវិស័យយុត្តិធម៌ ស្របតាម គោលការណ៍ «អ្នកចេះជាងគេ គឺជាប់»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ, ការកែទម្រង់ ដោយការរឹតបន្តឹងការប្រឡងប្រជែង ដើម្បីអាចជ្រើសរើសបាននូវមន្ត្រីវិស័យយុត្តិធម៌ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការបម្រើឱ្យវិស័យនេះ គឺជាទិសដៅជាអាទិភាពគន្លឹះមួយដ៏សំខាន់ ក្នុងក្របខ័ណ្ឌនៃការកែទម្រង់វិស័យ យុត្តិធម៌របស់រាជរដ្ឋាភិបាល។ កិច្ចដំណើរការប្រឡង តាំងពីការរៀបចំវិញ្ញាសា ការកែសន្លឹកកិច្ចការ ការបូក សរុបពិន្ទុ រហូតដល់ការប្រកាសលទ្ធផល ត្រូវបានអនុវត្តដោយម៉ឺងម៉ាត់ និងហ្មត់ចត់។ ជាមួយគ្នានេះ អង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមសង្កេតការណ៍ និងត្រួតពិនិត្យដោយផ្ទាល់លើកិច្ចដំណើរការ ប្រឡង ដើម្បីរួមចំណែកក្នុងការធានាឱ្យបាននូវតម្លាភាព ភាពស្អាតស្អំ និងយុត្តិធម៌ សម្រាប់ការប្រឡងប្រជែង។ ប្រសិនបើមានព័ត៌មានអំពីភាពមិនប្រក្រតីណាមួយទាក់ទងនឹងការប្រឡងប្រជែងនេះ សូមសាធារណជន មេត្តាផ្តល់ព័ត៌មានជាក់លាក់មកស្ថាប័នមានសមត្ថកិច្ច ដើម្បីពិនិត្យ និងចាត់វិធានការឱ្យបានសមស្របទៅ តាមនីតិវិធីជាធរមាន។ ការអះអាងរបស់បុគ្គលណាម្នាក់អំពីភាពមិនប្រក្រតី មិនអាចយកជាមូលដ្ឋាន សន្និដ្ឋានថា ការប្រឡងប្រជែងទាំងមូលប្រព្រឹត្តទៅដោយភាពមិនប្រក្រតីឡើយ។

ទី៣. ដោយឡែក សម្រាប់ការតែងតាំងមុខតំណែងនានារបស់មន្ត្រីតុលាការ ពិសេស ចៅក្រម និង ព្រះរាជអាជ្ញា ដែលជាសមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម គឺ ត្រូវបានរៀបចំដោយផ្អែកតាម គោលការណ៍នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងគោលការណ៍គុណាធិបតេយ្យ ដែលជាមូលដ្ឋាន សម្រាប់ធានាតម្លាភាព, សាមគ្គីភាព និងយុត្តិធម៌នៅក្នុងវិស័យយុត្តិធម៌។ ការលើកឡើងតាមព័ត៌មានដែល បានឮ ឬការប៉ាន់ស្មាន មិនទាន់ជាមូលដ្ឋានគ្រប់គ្រាន់សម្រាប់សន្និដ្ឋានអំពីភាពមិនប្រក្រតីនោះឡើយ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការលើកឡើងក្នុងវីដេអូបង្ហោះផ្សព្វផ្សាយក្នុងហ្វេសប៊ុក របស់ម្ចាស់គណនី Dara Vong គឺធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។ តែយ៉ាងណា, ក្រសួងយុត្តិធម៌ លើកទឹកចិត្ត និងស្វាគមន៍ជានិច្ចក្នុងការទទួលយកព័ត៌មាន និងស្នើសុំឱ្យម្ចាស់គណនី Dara Vong នាំយក ភស្តុតាងជាក់លាក់ មកដាក់ពាក្យបណ្ដឹងជាផ្លូវការនៅក្រសួងយុត្តិធម៌ ឬនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាបាននូវតម្លាភាព ក៏ដូចជា ដើម្បីមានមូលដ្ឋានសម្រាប់ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរកការពិត និងចាត់វិធានការច្បាប់ទៅតាមនីតិវិធី។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ជូនថា ការបំភ្លៃការពិតក្នុងចេតនាទុច្ចរិតចោទប្រកាន់ មូលបង្កាច់ខាងលើ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃស្ថាប័នវិស័យយុត្តិធម៌ និង ស្ថាប័នរដ្ឋ។ ក្នុងស្មារតីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទាមទារឱ្យលោក Dara Vong កែតម្រូវជាបន្ទាន់ នូវការសន្និដ្ឋានជាទូទៅរបស់ខ្លួនដែលមិនមានមូលដ្ឋានភស្តុតាងគាំទ្រគ្រប់គ្រាន់ ហើយជាមួយគ្នានេះ ក្រសួងយុត្តិធម៌រក្សាសិទ្ធិចាត់វិធានការសមស្រប ដើម្បីឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Dara Vong មានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម