ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យចំនួន ១៣នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ អំពើលួច និងអំពើហិង្សា ចំនួន ៦ករណី ដែលបានកើតឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មុនបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា: ជនសង្ស័យទាំង ១៣នាក់នេះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្រិតធ្ងន់ សហការជាមួយអធិការដ្ឋាននគរបាលទាំង ១៤ខណ្ឌ និងនគរបាលខេត្តកណ្តាល។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវ និងបង្ក្រាបបទល្មើសដែលបង្កការរំខានដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ទូរស័ព្ទដៃចំនួន ២គ្រឿង លិខិតឆ្លងដែនចំនួន ២ច្បាប់ រថយន្តម៉ាក Alphard ចំនួន ១គ្រឿង រថយន្តម៉ាក Prius ចំនួន ១គ្រឿង និងកាំបិតខ្លីចំនួន ១ដើម។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង ១៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






