នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាសហប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលលើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការជាតិ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសហប្រធានទាំងពីរ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធ ការអនុវត្តដ៏ហ្មត់ចត់ និងការបញ្ចប់ការងាររៀបចំផ្សេងៗ តាមផែនការកំណត់ សំដៅធានាបាននូវដំណើរការដោយរលូន និងជោគជ័យ នៃកិច្ចប្រជុំកំពូលនេះ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ របស់គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ នាពេលនេះ និងបានជម្រាបជូនពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការតែងតាំងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាសហប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ កិច្ចប្រជុំបានពិនិត្យពិភាក្សាបន្ថែមលើវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក របស់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៧ ក្នុងការត្រៀមរៀបចំសកម្មភាព ការងារបច្ចេកទេស និងភស្តុភារ ព្រមទាំងព្រឹត្តិការណ៍អមនានា រួមទាំងការពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីធានាដំណើរការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងស្របតាមផែនការដែលបានគ្រោងទុក។
ជាមួយគ្នានេះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងឯកឧត្តម ប្រាក់ សុខុន បានធ្វើការបូកសរុបលទ្ធផលនៃកិច្ចពិភាក្សា និងបានផ្តល់អនុសាសន៍ណែនាំបន្ថែម ដើម្បីជាមូលដ្ឋានដល់លេខាធិការដ្ឋាន និងអនុគណៈកម្មការទាំង៧ ក្នុងការបន្តអនុវត្តភារកិច្ចការងាររៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់ដ៏វិសេសវិសាល និងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជាក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង និងភាពជាដៃគូក្នុងវិស័យសិក្សាស្រាវជ្រាវ វប្បធម៌ បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី




















