ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ ទទួលពាក្យបណ្ដឹង ១,០៣១ ក្នុងរយៈពេល ៩ខែ ក្នុង ឆ្នាំ២០២៦ កើនឡើង ៥៥%

ភ្នំពេញ៖ អគ្គាធិការដ្ឋានននៃ ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងសរុបចំនួន ១,០៣១បណ្ដឹង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កើនឡើង ៣២០បណ្ដឹង ស្មើនឹង ៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

នេះបើយោងតាមរបាយការណ៍ដែលអគ្គាធិការដ្ឋានបានផ្ដល់ជូនក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

នៅក្នុងចំណោមពាក្យបណ្ដឹងទាំងនេះ អគ្គាធិការដ្ឋានបានចាត់ការពិនិត្យសិក្សាចំនួន ៩០១បណ្ដឹង និងដោះស្រាយបានចំនួន ៨៦៣បណ្ដឹង ស្មើនឹង ៧៩% នៃពាក្យបណ្ដឹងសរុបដែលបានទទួលក្នុងរយៈពេល ៩ខែនេះ។

យោងតាមរបាយការណ៍ ពាក្យបណ្ដឹងចំនួន ១២២បណ្ដឹង ជាករណីរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ ខណៈ ២៣៨បណ្ដឹង ពាក់ព័ន្ធនឹងប្រជាពលរដ្ឋនិងមន្ត្រីរាជការ។

ពាក្យបណ្ដឹងចំនួន ៧បណ្ដឹង ជាករណីរវាងមន្ត្រីរាជការនិងមន្ត្រីរាជការ ១៣បណ្ដឹង ពាក់ព័ន្ធនឹងប្រជាពលរដ្ឋនិងអង្គភាពចំណុះក្រសួងមហាផ្ទៃ និង ៥២១បណ្ដឹង ពាក់ព័ន្ធនឹងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ។

ពាក្យបណ្ដឹងទាំងនេះត្រូវបានទទួលតាមរយៈបណ្ដាញ និងប្រភពផ្សេងៗ រួមមាន ៨បណ្ដឹង តាមទំព័រហ្វេសប៊ុករបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ចំនួន ២០បណ្ដឹង តាមការបញ្ជាផ្ទាល់របស់លោក និង ៨បណ្ដឹង តាមរយៈក្រុមការងារតាមដានការអនុវត្តគោលការណ៍ណែនាំរបស់លោក។

អគ្គាធិការដ្ឋាន ក៏បានទទួលពាក្យបណ្ដឹងចំនួន ៧៨បណ្ដឹង តាមការដាក់ពាក្យផ្ទាល់នៅក្រសួងមហាផ្ទៃ ១៦បណ្ដឹង តាមទំព័រហ្វេសប៊ុករបស់អគ្គាធិការដ្ឋាន ៥៤១បណ្ដឹង តាមរយៈការស្រង់ខ្លឹមសារព័ត៌មានពីបណ្ដាញសង្គម និង ៣៦០បណ្ដឹង តាមប្រព័ន្ធអនឡាញ CSS។

ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយពាក្យបណ្ដឹង អគ្គាធិការដ្ឋានបានទទួលរបាយការណ៍បំភ្លឺពីអង្គភាពពាក់ព័ន្ធចំនួន ៤៥៦របាយការណ៍។

អគ្គាធិការដ្ឋានក៏បានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ៦២៩បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន ៣៤៧។

ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានបានចុះធ្វើអធិការកិច្ច និងស្រាវជ្រាវលើពាក្យបណ្ដឹងចំនួន ១០៣បណ្ដឹង ព្រមទាំងចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃនៅ ១២គោលដៅ ដែលពាក់ព័ន្ធនឹងសេចក្ដីជូនដំណឹងចំនួន ៦២។

ជារួម ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ អគ្គាធិការដ្ឋានបានដោះស្រាយពាក្យបណ្ដឹងចំនួន ៨៦៣បណ្ដឹង ស្មើនឹង ៧៩% នៃពាក្យបណ្ដឹងសរុប។

លទ្ធផលនេះ វាបានកើនឡើង ២ភាគរយ បើធៀបនឹងលទ្ធផលដោះស្រាយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

របាយការណ៍ក៏បានបញ្ជាក់ថា លទ្ធផលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ផ្នែកនៃអគ្គាធិការដ្ឋាន ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។

អគ្គាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ មានតួនាទី និងភារកិច្ចធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ ព្រមទាំងលើកសំណើផ្អាកជាបណ្ដោះអាសន្ននូវដីកា និងសេចក្ដីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

អគ្គាធិការដ្ឋានក៏មានភារកិច្ចទទួលពាក្យបណ្ដឹងតវ៉ា និងបណ្ដឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម