ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលត្រូវនឹងថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារតែយកចិត្តទុកដាក់លើស្ថានការណ៍ចំពោះមុខនៅព្រំដែន ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក ។
បើតាមរាជរដ្ឋាភិបាល ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ចំណែកការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣(បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ។
កំឡុងពេលនេះ ក្រុមការងាររាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋាន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសម្របសម្រួលបន្តលក្ខណៈ ងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាពិធីបុណ្យជាតិប្រចាំឆ្នាំកម្ពុជា ដែលប្រជាពលរដ្ឋចូលរួមប្រារព្វព្រះរាជពិធី សប្បាយរីករាយ រួមទាំងការប្រណាំងទូកង បណ្តែតប្រទីបពោរពេញដោយភ្លើងរចនាស្អាតនៅពេលយប់ និងការអកអំបុកខ្មែរ។ សម្រាប់ឆ្នាំ២០២៦នេះ ពិធីបុណ្យនេះ នឹងប្រព្រឹត្តទៅថ្ងៃទី២៣-២៥ខែ វិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តាខេត្តនានា ៕រក្សាសិទ្ធដោយ៖សុទ្ធលី













