ភ្នំពេញ៖ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានសម្ដែងការខកចិត្ត និង ព្រួយបារម្ភ បន្ទាប់ពីក្រសួងមហាផ្ទៃប្រកាសមិនទទួលស្គាល់ «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដែលបង្កើតឡើងដោយគណបក្សទាំងពីរ ដោយលើកហេតុផលថា កិច្ចព្រមព្រៀងនេះមិនទាន់ស្របតាមការណែនាំរបស់ក្រសួង និង បទប្បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយ។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន បានបានប្រសាសន៍ នៅថ្ងៃ អង្គារ៍ ទី ២៧ ខែ តុលា នេះ ថា: លោកមានការខកចិត្តចំពោះការសម្រេចរបស់ក្រសួងមហាផ្ទៃ ដោយសារក្រសួងមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ថា តើចំណុចណាខ្លះនៃកិច្ចព្រមព្រៀងមិនទាន់ឆ្លើយតបនឹងការណែនាំរបស់ក្រសួងមហាផ្ទៃ ??
លោកបានមានប្រសាសន៍ថា: ការខ្វះការបញ្ជាក់ជាក់លាក់នេះអាចបង្កើតភាពស្មុគស្មាញ និងការលំបាកដល់គណបក្សនយោបាយដែលមានបំណងបង្កើតសម្ព័ន្ធភាពជាមួយគ្នា។
ទោះជាយ៉ាងណា លោកសុធារ៉ាយុត្តិ បានបញ្ជាក់ថា: គណបក្សភ្លើងទៀន មិនប្រឆាំងនឹងការសម្រេចរបស់ក្រសួងមហាផ្ទៃនោះទេ ហើយនឹងបន្តពិនិត្យ ពិគ្រោះយោបល់ និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីកែសម្រួលកិច្ចព្រមព្រៀងឱ្យស្របតាមលក្ខខណ្ឌច្បាប់ និងទទួលបានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ។
លោកបានបន្ថែមថា: ទោះបីជាសម្ព័ន្ធភាពនេះ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការក៏ដោយ ក៏គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅតែបន្តសហការគ្នាដដែល។
លោក លី សុធារ៉ាយុត្តិ ក៏បានបញ្ជាក់ថា: ការមិនទទួលស្គាល់សម្ព័ន្ធភាពនេះ មិនពាក់ព័ន្ធនឹងស្ថានភាពផ្លូវច្បាប់របស់គណបក្សភ្លើងទៀននោះទេ ដោយលោកអះអាងថា គណបក្សនេះបានចុះបញ្ជីត្រឹមត្រូវ និងត្រូវបានទទួលស្គាល់ស្របតាមច្បាប់។
លោកថា តាមលិខិតឆ្លើយតបរបស់ក្រសួងមហាផ្ទៃ បញ្ហានេះពាក់ព័ន្ធនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងសម្ព័ន្ធភាព។
លោកបានលើកឡើងថា: បច្ចុប្បន្ននេះ សម្ព័ន្ធភាព រវាងគណបក្សភ្លើងទៀន និង គណបក្សឆន្ទ:ខ្មែរ
នេះកំពុងទទួលបានការចាប់អារម្មណ៍ និងការគាំទ្រកាន់តែច្រើនពីប្រជាពលរដ្ឋខ្មែរ ដោយសាររូបភាពនៃការរួមសហការរបស់គណបក្សនយោបាយ។
លោកបានបញ្ជាក់ជាថ្មីថា គណបក្សទាំងពីរនឹងបន្តធ្វើការជាមួយគ្នា និង ស្វែងរកកិច្ចសហការជាមួយគណបក្សនយោបាយផ្សេងទៀត។
ដោយឡែក លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ បានសម្ដែងការព្រួយបារម្ភចំពោះលំហប្រជាធិបតេយ្យនៅកម្ពុជា ដោយលោកយល់ថា ការរឹតត្បិតលើការបង្កើតសម្ព័ន្ធភាពរបស់គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលអាចធ្វើឱ្យលំហនយោបាយកាន់តែរួមតូច។
លោក គង់ មុនីកា បានស្នើឱ្យក្រសួងមហាផ្ទៃពន្យល់ឱ្យបានច្បាស់លាស់អំពីមូលហេតុដែលមិនអនុញ្ញាតឱ្យគណបក្សទាំងពីរបង្កើតសម្ព័ន្ធភាពជាមួយគ្នា ខណៈដែលគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលមួយចំនួនផ្សេងទៀតអាចបង្កើតសម្ព័ន្ធភាពបាន។
គួររំឭកថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃក៏បានប្រកាសមិនទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរផងដែរ ដោយបន្តទទួលស្គាល់លោក សុក ហាច ជាប្រធានគណបក្សនេះ។
ក្រសួងមហាផ្ទៃបានពន្យល់ថា ការតែងតាំងលោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ កាលពីខែមីនា ឆ្នាំ២០២៦ មិនបានអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយនោះទេ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








